ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកបង្ហាញពីគោលបំណងចម្បងៗនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលបានប្រកាសបើកជាផ្លូវការ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក។

គោលបំណងចម្បងៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រួមមាន៖ ១.បំផុសសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សារាជធានីខេត្ត។ ២.បំផុសស្មារតីដល់សិស្សានុសិស្សចូលរួមលេងកីឡា ដើម្បីសុខភាព ការរីកចម្រើននូវបញ្ញាស្មារតី ឆន្ទៈខ្ពស់ កាយសម្បទាមាំមួន ក្នុងកម្រិតសិស្សបឋមសិក្សានេះ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សបន្តការហ្វឹកហាត់កីឡាឱ្យកាន់តែសកម្មបន្ថែមទៀត នៅពេលបន្តចូលកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ដោយនេះជាថ្នាលមួយសម្រាប់ការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ។ ៣.ជំរុញលើកទឹកចិត្តអ្នកលេងកីឡា អ្នកមានឧបនិស្ស័យផ្នែកកីឡាចូលរួមប្រកួតប្រជែងបង្កើនសមត្ថភាព តាមរយៈការហាត់ហ្វឹកហ្វឺនយ៉ាងខ្ជាប់ខ្ជួន ដើម្បីបណ្តុះកីឡាករ កីឡាការិនីឆ្នើម សម្រាប់ក្រុមជម្រើសជាតិ នាថ្ងៃអនាគត។ ៤.បង្កើនការជួបជុំ បង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព ភាតរភាព សាមគ្គីភាព ពង្រឹងកាយសម្បទា បញ្ញាស្មារតីឱ្យបានរឹងមាំ និងកាត់បន្ថយភាពអសកម្មផ្សេងៗ ជាពិសេសជំរុញឱ្យកីឡាករ កីឡាការិនីវ័យក្មេងឱ្យចេះប្រាស្រ័យទាក់ទងគ្នា យោគយល់អធ្យាស្រ័យគ្នា ក្នុងការចែករំលែក។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យអប់រំកាយ និងកីឡា តាមរយៈការរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យកីឡា និងការធ្វើកំណែទម្រង់កីឡាតាមគ្រប់រូបភាព។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានទទួលជោគជ័យ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឱ្យបណ្តាប្រទេសអាស៊ាន និងពិភពលោកបានកោតសរសើរស្ញប់ស្ញែងចំពោះការរៀបចំរបស់កម្ពុជា តាមរយៈលទ្ធផលនៃការបំណែកកំណត់ត្រាថ្មីនៃចំនួនមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ២៨៤គ្រឿង។

ឆ្លៀតក្នុងឱកាសបើកនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីគណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក កីឡាករ កីឡាការិនីឱ្យគោរពឱ្យបាននូវក្រមសីលធម៌ វិន័យ បទបញ្ជាបច្ចេកទេសកីឡាឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមលើកកម្ពស់កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ ដោយផ្សាភ្ជាប់នឹងទីលានស្អាត បរិស្ថានស្អាត ដើម្បីសុខភាពល្អ។ ជាមួយគ្នានេះ កីឡាករ កីឡាការិនីត្រូវបន្តការខិតខំប្រឹងប្រែងហាត់ហ្វឹកហ្វឺន ដោយតាមរយៈព្រឹត្តិការណ៍កីឡានេះគឺជាឱកាសតែមួយគត់ ក្នុងការបញ្ចេញសមត្ថភាព ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាព។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យមន្ត្រីជំនាញកីឡាបន្តអនុវត្តន៍កំណែទម្រង់វិស័យកីឡា និងបន្តជួយគាំទ្រសហព័ន្ធកីឡាជាតិឱ្យកាន់តែរឹងមាំ ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បើតាមការរបាយការណ៍របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ក្រសួងអប់រំបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១០ ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣។ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ ក្រសួងបានរៀបចំគណៈកម្មការ អនុគណៈកម្មការ រួមទាំងអនុគណៈកម្មការបច្ចេកទេសទាំង១០សហព័ន្ធ សរុបចំនួន ២៧៥ នាក់។

សមាសភាពប្រភេទកីឡា និងក្រុមចូលរួមមានរាជធានី ខេត្តទាំង២៥ និងមាន១០ ប្រភេទកីឡា ដោយមានវិញ្ញាសាសរុប ៥១វិញ្ញាសា ហើយមេដាយដែលត្រូវបំពាក់មានសរុប ៥៣១ គ្រឿង។ ចំពោះប្រតិភូកីឡា អ្នកដឹកនាំក្រុម និងគ្រូបង្វឹកមានចំនួនសរុប ២ ៦០០ នាក់៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.