គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បាននិយាយថា កម្រិតទឹកនៅក្នុងអាងទន្លេមេគង្គក្រោមដែលមានប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេល៥ថ្ងៃខាងមុខ ជាពិសេសចាប់ពីខេត្តឈៀងខន ដល់ខុងជៀមក្នុងប្រទេសថៃ និងទីក្រុងវៀងច័ន្ទន៍ ដល់ខេត្តសាវ៉ាណាខេត ក្នុងប្រទេសឡាវ។ យោងតាមការអង្កេតកម្រិតទឹក និងទិន្នន័យទឹកភ្លៀងរបស់ MRC គឺភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ទន្លេមេគង្គ ដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា បានរួមចំណែកដល់ការកើនឡើង ដោយធ្វើឱ្យកម្រិតទឹក ទន្លេនៅក្នុងស្ថានីយត្រួតពិនិត្យភាគច្រើនលើសពីតម្លៃរយៈពេលវែងរបស់ពួកគេ។ លោកបណ្ឌិត សុធា ខឹម អ្នកឯកទេសព្យាករណ៍ទឹកជំនន់នៃលេខាធិការដ្ឋានMRC មានប្រសាសន៍ថា តំបន់នេះបានទទួលទឹកភ្លៀងច្រើនជាងមធ្យមនៅក្នុងខែសីហាតែមួយ ឬប្រហែល៤០ភាគរយ ខ្ពស់ជាងឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងរយៈពេលដូចគ្នា។ លោកបន្ថែមថា តំបន់មួយចំនួននៃប្រទេសឡាវ និងប្រទេសថៃ បានរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក ស្ថានភាពនេះបានធ្វើឱ្យកម្រិតទឹកកើនឡើង និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅ។ ចំណែក នៅកម្ពុជា កម្ពស់ទឹកពីខ្សែបន្ទាត់ក្នុងខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ បានកើនឡើងពី០,៩២ម៉ែត្រ ដល់២,៥៩ម៉ែត្រ ក្នុងរយៈពេលដូចគ្នានេះ។ ក្នុងរយៈពេល៥ថ្ងៃខាងមុខ កម្រិតទឹកអាចនឹងធ្លាក់ចុះពី០,២០ម៉ែត្រទៅ១ម៉ែត្រ នៅក្នុងប្រទេសឡាវ ហើយ កម្ពស់ទឹកទន្លេ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី២,៣៤ម៉ែត្រ ទៅ៣,៣៣ម៉ែត្រ ហើយការកើនឡើងនេះនឹងធ្វើឱ្យកម្រិតស្ថានីយ៍ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន១១,៥ម៉ែត្រ មុនការព្រមានទឹកជំនន់នៅកម្រិត១២,៥ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ លំហូរចេញនៅស្ថានីយ៍ជលសាស្ត្រជីងហុង(Jinghong) ក្នុងប្រទេសចិននៅអាងទន្លេមេគង្គលើ ឃើញមានការប្រែប្រួលក្នុងរយៈពេលដូចគ្នានេះ។ ចាប់ពីពាក់កណ្តាលដល់ដំណាច់ខែមិថុនា មានការថយចុះជាមធ្យម១,៣៣ម៉ែត្រ ក្នុងមួយថ្ងៃនៃកម្រិតទឹករបស់វា។ សេចក្តីជូនដំណឹង បាននិយាយថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវដែលរងផលប៉ះពាល់ដោយព្យុះត្រូពិច Khanun និងការហូរទឹកចេញពីរោងចក្រវារីអគ្គិសនីនៅផ្នែកខាងលើផ្សេងទៀត អាចនឹងធ្វើឱ្យលំហូរចូលនៅទំនប់សាយ៉ាប៊ូរីកើនឡើង។ ក្រុមប្រតិបត្តិករ បានព្រមានសហគមន៍ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមទំនប់ឱ្យត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរកម្រិតទឹកទន្លេ ជាពិសេសសម្រាប់ការជូនដំណឹងខ្លីៗ នៃការបញ្ចេញទឹក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.