កូនផ្សោតញី១ក្បាល បានងាប់ដោយជាប់មងនៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលគិតក្នុងឆ្នាំ២០២៣នេះ មានផ្សោត៣ក្បាលហើយត្រូវបានបាត់បង់ជីវិត ខណៈដែលកើតបានចំនួន៥ក្បាល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត្រ ទម្ងន់១៤,៤គីឡូក្រាម អាយុប្រមាណ២ខែ បានស្លាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ប្រភពបន្ដថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតមានចំនួន៥ក្បាល និងមានងាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។ សូមជម្រាបថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងងាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនអ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែ រក្សាការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។ ក្នុងករណី ដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់ សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្តល់ព័ត៌មានដល់មន្ត្រីជំនាញជលផលដែលនៅជិត ដើម្បីដោះស្រាយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.