លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេសុីបាននិយាយថា ដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយចូលឆ្នាំទី៣ហើយ គឺត្រូវការចាំបាច់នូវឆន្ទៈនយោបាយពីគ្រប់ភាគីទាំងអស់។

ថ្លែងក្នុងព្រឹត្តិការណ៍ទិវាអាស៊ាន លោក ចូកូ វីដូដូ បានលើកឡើងថា “យើងដឹងថាស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែពោរពេញទៅដោយបញ្ហាប្រឈម។ ប៉ុន្តែយើងក៏ត្រូវដឹងឱ្យច្បាស់ផងដែរថា ស្ថានការណ៍នេះគឺអាចដោះស្រាយបានលុះត្រាតែមានឆន្ទៈនយោបាយមកពីគ្រប់ភាគីទាំងអស់”។

លោកបានបន្តថា ក្រុមប្រទេសអាស៊ានត្រូវតែបន្តធ្វើការជាមួយគ្នា ដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តិមីយ៉ាន់ម៉ា។ សម្រាប់ឆ្នាំនេះ ឥណ្ឌូណេសុីគឺជាប្រធានអាស៊ានប្តូរវេន ហើយនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅខែកញ្ញាខាងមុខ។ ទីក្រុងហ្សាការតាបានអនុវត្តនូវអ្វីដែលខ្លួនហៅថា “ការទូតស្ងប់ស្ងាត់” ជាមួយរបបសឹកមីយ៉ាន់ម៉ាដើម្បីព្យាយាមជំរុញឱ្យយល់ព្រមចូលអង្គុយនៅតុចរចា។

កិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នឹងបន្តដើរតាមកិច្ចព្រមព្រៀង ៥ ចំណុចដែលបានឯកភាពគ្នា ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពី ២ឆ្នាំមុន។ យ៉ាងណាមិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានគោរពតាមការព្រមព្រៀងគ្នានោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.