តំបន់ជាច្រើនរបស់ជប៉ុនក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតីនៃប្រទេស ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតដែលបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។

ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ ១៦០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅកាន់ភាគខាងជើង។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថា បន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង និងទៅកាន់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា បើតាមការព្យាករ ព្យុះទីហ្វុងនេះអាចនឹងនាំមកជាមួយនូវទឹកភ្លៀងកម្រិតចន្លោះពី ៣០០មីលីម៉ែត្រ ដល់៤០០មីលីម៉ែត្រ នៅក្នុងតំបន់ ស៊ីកុគូ (Shikoku) និង គ្យូស៊ុ (Kyushu) ព្រមទាំងកម្រិតទឹកភ្លៀងពី ២០០មីលីម៉ែត្រ ដល់៣០០មីលីម៉ែត្រ នៅក្នុងទីក្រុង អាម៉ាមិ (Amami) រួមទាំងតំបន់គីនគិ (Kinki) នៃភាគខាងលិចប្រទេសជប៉ុន និងតំបន់តូកៃ (Tokai) នៅភាគកណ្ដាល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.