ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិន បានរៀបចំពិធីបើកសប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌ កម្ពុជា ចិន នៅរោងភាពយន្តLegend Olympia, នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើក ទី៦៥នៃទំនាក់ទំនងការទូតនាឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីបើកសប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌ កម្ពុជា ចិននេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការរៀបចំសប្តាហ៍ផ្លាស់ប្ដូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិន នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌រវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យភាពយន្ត និងក៏ជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរក ឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសយើងទាំង ពីរ។

លោកជំទាវបន្តថា ពិតណាស់ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពីសម័យកាលយូរលង់ មកហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែង ពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សំឡេង៖ « ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីក កិច្ចសហប្រតិ បត្តិការ លើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និង ការអភិវឌ្ឍ»។

ជាមួយគ្នានេះដែរ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំង ភាគីពាក់ព័ន្ធទាំងអស់ ពិសេស ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅកម្ពុជា ដែលតែងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈ វប្បធម៌របស់កម្ពុជា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ LU JING សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកាបក្សទីក្រុង ហ្វូជូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានមាន ប្រសាសន៍ពីទំនាក់ទនងកម្ពុជាចិន ដែលពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈ។ ជាក់ស្តែងនៅពេលនេះ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌កម្ពុជា-ចិន បានបង្ហាញយ៉ាងច្បាស់ពីការការខិតខំជំរុញ កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំ។

សំឡេង៖ « ពួកយើងយកភាពយន្តធ្វើជាខ្សែក្រវាត់ ដើម្បីជាការខិតខំបង្កើតសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជំរុញឱ្យស្គាល់គ្នាទៅវិញទៅមកផ្នែកវប្បធម៌ អរិយធម៌ និងការយល់គ្នារវាងប្រជាជន និងប្រជាជន ហើយបង្កើតក្តីស្រមៃ រួមគ្នាឆ្ពោះទៅរកអនាគតរួមគ្នា»។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីនោះលោក ប៉ុកបូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុកថា ព្រឹត្តិការណ៍សប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌កម្ពុជា-ចិននេះ គឺជា ការជំរុញឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែរីកចម្រើន និងរឹងមាំលើគ្រប់វិស័យជាពិសេសវិស័យភាពយន្ត នៃប្រទេស ទាំងពីរ។

សូមបញ្ជាក់ថា ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចវប្បធម៌ រៀបចំសកម្មភាពសិល្បៈ និងវប្បធម៌នានា ដូចជាការសម្តែងសិល្បៈ ការតាំងពិព័រណ៍ មហោស្រពវប្បធម៌ ការបញ្ចាំងភាពយន្ត ការសិក្សាស្រាវជ្រាវ និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា សារមន្ទីរ បណ្ណាល័យ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនេះ មិត្តចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ លើវិស័យវប្បធម៌ ជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.