ឯកឧត្តម ង្វៀន ហ៊ួចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជាមួយឯកឧត្តម ង្វៀន ហ៊ួចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊ួចុង បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រ ដ៏ខ្លាំងក្លារបស់ប្រជាជន ចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងប្ដេជ្ញារួមគ្នារក្សាពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ង្វៀន ហ៊ួចុង ដែលបានផ្ញើលិខិតអអរសាទរ និងជូនពរតាមទូរស័ព្ទ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភាតរភាពដ៏រីងមាំ និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានរាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបសគណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំរបស់ ឯកឧត្តម ង្វៀន ហ៊ួចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព នឹងតួនាទីកាន់តែមានសារៈសំខាន់ របស់វៀតណាម ក្នុងវេទិកាតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊ូ ចុង ដែលបានសម្តែងអំពីការជឿជាក់ និងការគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព នាយករដ្ឋមន្ត្រីថ្មី ដែលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវឌ្ឍន៍នៃពិភពលោក ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកប្រជា ក៏ដូចជា ការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជា ប្រពៃណី ដែលជាកត្តាចាំបាច់បំផុតក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងការរំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីវៀនសូត្រ និង ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងសាមត្តិភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខ័ណ្ឌអនុតំបន់ ជាពិសេស ក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ង្វៀន ហ៊ួចុង អគ្គលេខាធិការ និងថ្នាក់ដឹកនាំដទៃទៀតនៃបក្សកុម្មុយនីស្តវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ ទន្ទឹមនោះដែរ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការ ក៏បានអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានកណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.