តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អ ប្រសើររវាងកម្ពុជា-ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំង នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាព រវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីក កិច្ចសហ ប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍ សេដ្ឋកិច្ចទៅវិញទៅមក។​ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។​ក្នុងជំនួប ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តន៍បាន យ៉ាងល្អនូវអនុស្សរណៈយោគយល់គ្នាចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ទៅមកបាន យ៉ាងល្អប្រសើរ។​ឯកឧត្តមលើកឡើងថា ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការ នៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ ទទួលបាននូវ វឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។

​ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអំណរគុណ ចំពោះភាគីថៃដែលបានយកចិត្តទុក ដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជាព្រមទាំង បាន បង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ ក្នុងនោះពលករកម្ពុជា ជាកម្លាំងបំពេញឱ្យតម្រូវការទីផ្សារការងាររបស់ថៃ ហើយពលករកម្ពុជាទទួលបានប្រាក់ ចំណូលខ្ពស់ ទទួលបានជំនាញបន្ថែម និងជំរុញរំហូរហិរញ្ញវត្ថុចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ កម្ពុជាផងដែរ។​​

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូល សមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅ ធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។​ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យបងប្អូន ពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុក ដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។​ឆ្លើយតបចំពោះវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសថៃ ពិសេសគឺបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជា ឱ្យមានចំណេះ ជំនាញក្នុងការប្រកបវិជ្ជាជីវៈ។

​ភាគីកម្ពុជាបានដាក់សំណើរួចហើយទៅភាគីថៃ ស្នើសុំផ្តល់នូវការបណ្តុះបណ្តាល លើមុខជំនាញចំនួន ៦ រួមមាន៖ ១. ជំនាញវិស្វកម្មអេឡិចត្រូនិក, ២. សំណង់ស៊ីវិល, ៣. គ្រឿងយន្ត (Automotive), ៤. បរិក្ខារត្រជាក់, ៥. ព័ត៌មានវិទ្យា, និង ៦. វគ្គបណ្តុះ បណ្តាលសម្រាប់បុគ្គលិកការិយាល័យ។​ភាគីកម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនឹងផ្តល់ជូនវិទ្យាស្ថាន មិត្តភាពអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃពូនភ្នំ តាមសំណើនេះ នឹងបន្តទទួលបាន កិច្ចសហប្រតិបត្តិការពីភាគីថៃ លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនឹង បង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀតដូចការ រៀបចំវេទិកាការងាររវាងកម្ពុជា-ថៃ​៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.