សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃ សុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។    ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុង ទី៣  (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៣។   សម្តេចតេជោបានថ្លែង ពីមូលហេតុដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងពេលដែលគណបក្ស ប្រជាជនកម្ពុជាបានទទួលការគាំទ្រយ៉ាងច្រើនលើសលុប ដែលនេះគឺជាការលះបង់ គឺដើម្បីធានាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងទៅមុខទៀតរបស់ប្រជាជន ខណៈដែលសម្តេចបានលះបង់រួចមកហើយ ដោយធ្លាប់បានយកក្បាលធ្វើជាដើមទុនដើម្បីរំដោះប្រទេសនិងបង្រួបបង្រួមជាតិ ដើម្បីប្រទេសបញ្ចប់ សង្គ្រាមដ៏រ៉ាំរ៉ៃដែលមិនចេះចប់មិនចេះហើយ មិនតែប៉ុណ្ណោះសម្តេចក៏បានយកជីវិតរបស់សម្ដេច ធ្វើជា ដើមទុន នៃកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា។ ដូច្នេះសម្តេច ក៏បានលះបង់សាជាថ្មីម្ដងទៀត ដើម្បីសេចក្ដីសុខរយៈពេលវែងរបស់ប្រជាជន ដែលក្នុងនោះក៏មានហេតុផល៤យ៉ាង។ សម្តេចតេជោ ក៏បានចោទសួរថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានមេដឹកនាំរូបណាខ្លះ ស្ម័គ្រចិត្តបោះបង់តំណែងនោះ? សម្តេចតេជោបញ្ជាក់ទៀតថា ការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីក្នុងពេលមានជីវិត គឺជាការប្រសើរ ជាងការផ្ទេរតំណែងពេលអស់ជីវិត  ដូច្នេះត្រូវរៀបចំឱ្យហើយសម្រាប់អ្នកបន្តវេនគឺល្អបំផុត ព្រោះអ្នក ជំនាន់ក្រោយ ដែលចូលមកដឹកនាំពេលនេះ គឺគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចចូលមក ដឹកនាំបាន ដែលពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយនឹងសម្តេចកាលពីធ្វើជា នាយករដ្ឋមន្ត្រីមានអាយុត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ។ សម្តេចតេជោបន្តទៀតថា ការប្រគល់តួនាទី ឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការ អភិវឌ្ឍន៍។ សម្តេចតេជោបន្ថែមទៀតថា ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាម ព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។  ដែលខ្ញុំគួរតែជម្រាបទៅកាន់ប្រជាពលរដ្ឋ ដែលមកពីហេតុអ្វីដែរ ត្រូវ ចេញនៅក្នុងពេលនេះ ដោយការផ្ទេរឱ្យយុវជននាពេលនេះ គឺមានស្ថិរភាព និងសុវត្ថិភាពជាងពេលដែលយើងចាស់ឬស្លាប់ ដែលមានមនុស្សប៉ុន្មាននាក់ទៅនៅកម្ពុជាកាលពីសម័យដើម ដែលធ្លាប់បានលះបង់អំណាចដូចខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្ត្រីបាន៥ឆ្នាំឬ១០ឆ្នាំទៅមុខទៀត។ ប៉ុន្តែវាមិនមែនជាការល្អនោះទេប្រសិនបើយើងចាស់ពេកឬរហូតដល់ពេលយើងស្លាប់ ហើយក្រោយ ហ៊ុនសែនជានរណា? ដែលជាសំណួរដែលបានកើតឡើងតាំងពីឆ្នាំ២០១៧ -២០១៨ឯណោះ ហើយដែល បានលេចឡើងច្រើននៅពេលដែល ខ្ញុំទៅកាន់ទីក្រុងតូក្យូ ខណៈពេលនោះ អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាត ខណៈកាលនោះ នៅពេលដែលអង្គុយតុជាមួយបណ្ដាប្រទេស តាមដង ទន្លេមេគង្គ ដែលបានកើតចេញជាសំណួរថា ក្រោយហ៊ុនសែនគឺជានរណា ខ្ញុំបានបញ្ជាក់ថា អ្វីដែល សំខាន់នោះគឺក្រោយហ៊ុនសែនគឺជានរណាដែលនេះគឺជាបញ្ហាមួយដែលជាមិនមែនបញ្ហាតូចតាចនោះទេ ដូច្នេះឥឡូវនេះយើងដាក់ចេញជាសំណួរទៅវិញថា ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះឬថ្ងៃស្អែកឬពេលខាងមុខ គឺតែមានរឿងអ្វីដែលកើតឡើង នៅពេលនោះបើយើងមិនបានត្រៀមរៀបចំសម្រាប់អ្នកបន្តវេន ដូច្នេះខ្ញុំពិត ជាគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបាន ដាក់រាជ្យ ហើយរាជសម្បត្តិ ក៏បានព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះមហាក្សត្រនាពេលបច្ចុប្បន្នគ្រងរាជ្យ ដែល៨ឆ្នាំមុន ពេលដែលព្រះអង្គសោយទីវង្គត ដែលខ្ញុំអាច អាចនិយាយបានថា នេះគឺជាព្រះរាជតម្រិះដ៏អស្ចារ្យ របស់ ព្រះបិតាជាតិរបស់យើង ប្រសិនបើពេលនោះ មិនទាន់មានក្សត្រគ្រងរាជ្យថ្មីនោះទេ ខ្លួនខ្ញុំក្នុងក្នុងឋានៈ ជានាយករដ្ឋមន្ត្រីពេលនោះក៏មិនដឹងថាត្រូវធ្វើអ្វីនោះទេ ៕»

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.