អភិបាលរងខេត្តព្រះសីហនុ នៅតែបន្ដអំពាវនាវឱ្យប្រជាពលប្រុងប្រយ័ត្ននៅរដូវវស្សានេះ  ទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះជាបណ្តើរៗហើយក៏ដោយ ដើម្បីអាចបញ្ចៀសបាននូវហានីភ័យផ្សេងៗ។  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កាលពីថ្ងៃ ទី៣០ ខែកក្កដាឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃ ជាបន្តបន្ទាប់បានធ្វើឱ្យជនលិចផ្លូវជាតិមួយចំនួនតូច ប៉ុន្តែរហូតមកដល់ពេលនេះស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពល្អប្រសើរ ឡើងវិញ ។លោកបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយសង្គ្រោះផ្សេងៗ ចាំជួយ ប្រជាពលរដ្ឋជានិច្ចនៅពេលដែលមានគ្រោះធម្មជាតិណាមួយកើតឡើងជាយថាហេតុ ទាំងផ្លូវទឹក និង ផ្លូវគោក ធ្វើយ៉ាងណាផ្ដល់នូវទំនុកចិត្តនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្នប្រជាពលរដ្ឋ ធ្វើចរាចរណ៍បានធម្មតា។ លោកអភិបាលរងខេត្តព្រះសីហនុ បន្ថែមថា ទោះស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាលក៏ដោយ ប៉ុន្តែ  ប្រជាពលត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចនៅរដូវវស្សានេះ ដោយមិនត្រូវធ្វេសប្រហែសទេ ត្រូវតាមដាន សេចក្ដីជូនដំណឹងធនធានទឹក និងឧតុនិយម និងអាជ្ញាធរឱ្យបានជាប់ជាប្រចាំ ដើម្បីអាចបញ្ចៀសបាននូវហានិភ័យផ្សេងៗ។  «ជាទូទៅគឺសូមឱ្យប្រជាពលរដ្ឋសូមអនុវត្តទៅតាមការណែនាំការជូនដំណឹងរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមទាំងការតាមដានព័ត៌មានឧតុនិយមផងដែរ។ តែសម្រាប់អាជ្ញាធរខេត្តយើងរាល់ពេលមានបញ្ហាទទួលដំណឹងពីខាងការព្យាករណ៍ឧតុនិយមភ្លាម គឺ ស្របជាមួយនឹងស្ថានភាពជាក់ស្ដែង គឺឯកឧត្តមអភិបាលលោកបានណែនាំអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ដូចជាសមត្ថកិច្ចប្រុងជើងព្រួលរៀបចំផ្សេងៗ ក៏ដូចជាការជូនដំណឹងមិនឱ្យការធ្វើដំណើរ កាត់ទឹក ទៅដើម្បីទៅកោះទៅណាផ្សេងៗដែលឆ្លងកាត់ទឹក ក៏ដូចជាប្រជានេសាទក្នុងការប្រកបអាជីវកម្ម ដែលនឹង អាចរងនូវផលប៉ះពាល់ហានិភ័យផ្សេងៗ។ ប៉ុន្តែជាក់ស្ដែងគឺបើស្ថានភាពមិនមានបញ្ហាអ្វីទេ គឺអ្វីៗជា ប្រក្រត្រី ធម្មតាទេ។ ប៉ុន្តែគឺថាសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នផង នៅពេលដែលស្ថានភាពមិនអំណោយ ផល គឺសូមស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចរបស់យើងផងដែរ»។ សូមបញ្ជាក់ថា កាលពីទី៣០ខែកក្កដាឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃ ជាបន្តបន្ទាប់នៅក្នុង ខេត្ត ព្រះសីហនុ បានធ្វើឱ្យជនលិចផ្លូវជាតិលេខ ៤ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានដូចគ្នាចន្លោះពីគីឡូម៉ែត្រលេខ ១០៦ដល់គីឡូម៉ែត្រលេខ ១០៨ ប៉ុន្តែរហូតមកដល់ថ្ងៃនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពល្អប្រសើរ ឡើងវិញ ប្រជាពលរដ្ឋធ្វើចរាចរណ៍បានធម្មតា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.