សហព័ន្ធឧស្សាហកម្មថៃ (FTI) បានកាត់បន្ថយគោលដៅផលិតរថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ មកនៅត្រឹម ១,៩លានគ្រឿងពីចំនួន ១,៩៥លានគ្រឿងដែលបានកំណត់កាលពីដើមឆ្នាំ ដោយសារការធ្លាក់ចុះនៃការលក់រថយន្តក្នុងស្រុក និងការកើនឡើងនៃការនាំចូលរថយន្តអគ្គិសនី (EV) ពីប្រទេសចិន។

លោក ស៊ូរ៉ាពង្ស ផៃសិទ្ធប៉ាតាណាពង្ស (Surapong Paisitpatanapong) អនុប្រធាន FTI និងជាអ្នកនាំពាក្យក្លឹបឧស្សាហកម្មយានយន្តរបស់ FTI បាននិយាយថា មានការរំពឹងទុកថាការផលិតរថយន្តសម្រាប់ទីផ្សារក្នុងស្រុកនឹងថយចុះចំនួន ៥០.០០០គ្រឿង ឬ ៥,៥% មកនៅត្រឹម ៨៥០.០០០គ្រឿង បើធៀបទៅនឹងការព្យាករពីមុនដែលមានចំនួន ៩០០.០០០គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបឧស្សាហកម្មយានយន្តនៅរក្សាគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ការនាំចេញឱ្យបានចំនួន ១,០៥លានគ្រឿងដដែល។

ការលក់រថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះកាលពីពេលថ្មីៗនេះ ដោយសារស្ថាប័នហិរញ្ញវត្ថុដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងសម្រាប់ការផ្តល់ប្រាក់កម្ចីរថយន្ត។ លោក ស៊ូរ៉ាពង្ស បាននិយាយថា ការកើនឡើងនៃអត្រាការប្រាក់ និងបំណុលគ្រួសារខ្ពស់ ដែលបច្ចុប្បន្នមាន ៩០% នៃផលិតផលក្នុងស្រុកសរុប (GDP) នោះ កំពុងបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងប្រាក់កម្ចីដែលមិនដំណើរការ។

ធនាគារកណ្តាលថៃបានបង្កើនអត្រាគោលនយោបាយរបស់ខ្លួនចំនួនប្រាំមួយដងចាប់តាំងពីខែសីហា ឆ្នាំ២០២២ មកពីចំនួន ០,៥% ដល់ ២%។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាគោលនយោបាយរបស់ខ្លួនពី ០,២៥% ទៅ ២,២៥% ដើម្បីទប់ស្កាត់អតិផរណា។

ទន្ទឹមនឹងនោះដែរ លោក ស៊ូរ៉ាពង្ស បាននិយាយថា រថយន្តអគ្គិសនីរបស់ចិនទទួលបានចំណែកទីផ្សារកាន់តែច្រើន ដោយសារគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាលថៃដើម្បីលើកកម្ពស់ឧស្សាហកម្មរថយន្តអគ្គិសនី។

ការផលិតរថយន្តសរុបរបស់ប្រទេសថៃក្នុងខែមិថុនាបានកើនឡើង ១,៧៨% ដែលឈានដល់ចំនួន ១៤៥.៥៥៧គ្រឿង។ ចំនួននេះបានកើនឡើង ៥,៩១% ដែលឈានដល់ចំនួន ៩២១.៥១២គ្រឿងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣។ នេះបើយោងតាមក្លឹបឧស្សាហកម្មយានយន្តថៃ។

ការលក់រថយន្តនៅក្នុងទីផ្សារក្នុងស្រុកបានធ្លាក់ចុះ ៥,១% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួនត្រឹមតែ ៦៤.៤៤០គ្រឿងនៅក្នុងខែមិថុនា ដោយភាគច្រើនដោយសារតែការធ្លាក់ចុះនៃការលក់រថយន្តប្រភេទភីកអាប់ និងរថយន្តដឹកទំនិញ ស្របតាមលក្ខណៈវិនិច្ឆ័យផ្តល់ប្រាក់កម្ចីដ៏តឹងរ៉ឹង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.