សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសឱ្យដឹងថា​ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងមាននាយករដ្ឋ​មន្ត្រីរហូតដល់ទៅពីររូប ដោយសារសម្តេច នឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រតែង​តាំង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិរដ្ឋសភា នីតិកាលទី៧។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ និងទទឹង ២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ​លេខ​៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិ​លេខ​១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅថ្ងៃទី០៧ សីហា ប្រធាន​គណបក្ស​ដែលមានសំឡេងភាគច្រើនគឺខ្លួនខ្ញុំ នឹងចុះហត្ថលេខាថ្វាយទៅព្រះ​មហាក្សត្រ​ស្នើសុំព្រះរាជក្រឹត្យតែងតាំង ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី។ អីចឹងពេលនោះនឹងមាន​នាយករដ្ឋមន្ត្រីដល់ទៅពីរ គឺនាយករដ្ឋមន្ត្រីនៅក្នុងតំណែង តែត្រៀមចាក​ចេញ និងនាយក​រដ្ឋ​មន្ត្រីមួយទៀតកំពុងតែរៀប ចំសមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីទុក​ចិត្តពីរដ្ឋ​សភា»។ សម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងកោះ ប្រជុំលើកដំបូង និងថ្ងៃ២២ ខែសីហា នឹងបង្កើតរាជរដ្ឋាភិបាល ហើយនៅពេលរដ្ឋសភា​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាភាពរាជរដ្ឋាភិបាលថ្មីនោះ អ្វីៗនឹងត្រូវបានបញ្ចប់​អស់​ហើយ ខណៈចង់អ្នកណានិយាយអ្វីនិយាយទៅ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបាន​គូសបញ្ជាក់ថា នៅពេលកូនប្រុសសម្តេច ដឹកនាំរាជរដ្ឋាភិបាលសម្តេចមិនឱ្យ​កូនបំផ្លាញ​សមិទ្ធផលរបស់ប្រជាជាតិខ្មែរនោះទេ។ សម្ដេចតេជោបានអះអាងថា៖ «ហ៊ុន ម៉ាណែត ត្រូវ​បាន​ទទួលស្គាល់ថា មានគ្រប់លក្ខខណៈសម្បត្តិក្នុងការដឹកនាំរដ្ឋាភិបាល ហើយបើ​ទោះបីជាខ្ញុំអត់មានកូននោះគឺពេលនេះខ្ញុំត្រូវផ្ទេរអំណាចឱ្យអ្នកជំនាន់ក្រោយដែរ មិនចាំ​បាច់​តែកូនខ្ញុំទេ ឱ្យតែមានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ និងគាំទ្រពីប្រជាជន»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ទោះបីជាអ្នកណា​ចង់​និយាយអ្វីក៏និយាយទៅក្នុងការផ្ទេរអំណាចនេះ ពិសេសនោះមានការនិយាយថា បន្ត​វេន បន្តពូជ តែនៅក្នុងរដ្ឋធម្មនុញ្ញាមិន​បានចែងថា ផ្តល់សិទ្ធិដល់កូនមិនឱ្យធ្វើ​នាយក​រដ្ឋ​មន្ត្រីនោះទេ។ សម្ដេចតេជោបានថ្លែងបន្ថែមថា៖ «អីចឹងកូនខ្ញុំគឺជាមនុស្សដូច​គេ​ដូច​ឯង​ក្នុង​ការទទួលយកតំណែង ដែរ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.