សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីរហូតដល់ទៅពីររូប ដោយសារសម្តេច នឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិរដ្ឋសភា នីតិកាលទី៧។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ និងទទឹង ២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅថ្ងៃទី០៧ សីហា ប្រធានគណបក្សដែលមានសំឡេងភាគច្រើនគឺខ្លួនខ្ញុំ នឹងចុះហត្ថលេខាថ្វាយទៅព្រះមហាក្សត្រស្នើសុំព្រះរាជក្រឹត្យតែងតាំង ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី។ អីចឹងពេលនោះនឹងមាននាយករដ្ឋមន្ត្រីដល់ទៅពីរ គឺនាយករដ្ឋមន្ត្រីនៅក្នុងតំណែង តែត្រៀមចាកចេញ និងនាយករដ្ឋមន្ត្រីមួយទៀតកំពុងតែរៀប ចំសមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។ សម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងកោះ ប្រជុំលើកដំបូង និងថ្ងៃ២២ ខែសីហា នឹងបង្កើតរាជរដ្ឋាភិបាល ហើយនៅពេលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាភាពរាជរដ្ឋាភិបាលថ្មីនោះ អ្វីៗនឹងត្រូវបានបញ្ចប់អស់ហើយ ខណៈចង់អ្នកណានិយាយអ្វីនិយាយទៅ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា នៅពេលកូនប្រុសសម្តេច ដឹកនាំរាជរដ្ឋាភិបាលសម្តេចមិនឱ្យកូនបំផ្លាញសមិទ្ធផលរបស់ប្រជាជាតិខ្មែរនោះទេ។ សម្ដេចតេជោបានអះអាងថា៖ «ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់ថា មានគ្រប់លក្ខខណៈសម្បត្តិក្នុងការដឹកនាំរដ្ឋាភិបាល ហើយបើទោះបីជាខ្ញុំអត់មានកូននោះគឺពេលនេះខ្ញុំត្រូវផ្ទេរអំណាចឱ្យអ្នកជំនាន់ក្រោយដែរ មិនចាំបាច់តែកូនខ្ញុំទេ ឱ្យតែមានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ និងគាំទ្រពីប្រជាជន»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ទោះបីជាអ្នកណាចង់និយាយអ្វីក៏និយាយទៅក្នុងការផ្ទេរអំណាចនេះ ពិសេសនោះមានការនិយាយថា បន្តវេន បន្តពូជ តែនៅក្នុងរដ្ឋធម្មនុញ្ញាមិនបានចែងថា ផ្តល់សិទ្ធិដល់កូនមិនឱ្យធ្វើនាយករដ្ឋមន្ត្រីនោះទេ។ សម្ដេចតេជោបានថ្លែងបន្ថែមថា៖ «អីចឹងកូនខ្ញុំគឺជាមនុស្សដូចគេដូចឯងក្នុងការទទួលយកតំណែង ដែរ»៕
ប្រភព៖ ក្រសួងព័ត៌មាន