នាព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ–បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation – SBF) ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣​ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីក្នុងព្រះរាជាណាចក្រកម្ពុជា ភ្លាមបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា តែម្តង ។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់អំពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្តេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជាទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញទៅបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៨% លើសពីការបោះឆ្នោត ៤ ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។ ហើយក្នុងនោះ តាមលទ្ធផលជាបណ្តោះអាសន្ន ចំនួនអ្នកបោះឆ្នោតជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ, ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន ​និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ–១៩និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួមក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ ។ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥,៦% នៅឆ្នាំ ២០២៣ និងកំណើន ៦,៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤, និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព ។ ដោយឡែក, វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែន កាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន ។

ទោះយ៉ាងណា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនប្រតិភូអំពីសមិទ្ធផល និងបរិវត្តកម្មរយៈពេល ២៥ ឆ្នាំ កន្លងមក កម្ពុជានៅប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនក៏ដោយ ដូចជា ឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច,ការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿន,ការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកាចសាហាវជាសកល ជាដើម ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងរបៀបវារៈគោលនយោបាយក្នុងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាល ដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និង សមត្ថ–ភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី ១ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និង ការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ។

ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរដល់ប្រតិភូធុរកិច្ចសិង្ហបុរី ទទួលបានជោគជ័យក្នុងបេសកកម្មបំពេញការងារ ពិសេស ការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.