លោកស្រី សាស្រ្ដាចារ្យ វេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញ ពីវិធានការជាច្រើនដែលគួរយល់ដឹងពីរដូវភ្លៀង ដើម្បីអាចបង្ការជំងឺគ្រុនឈាម នៅរដូវវស្សា។ លោកស្រី សាស្រ្ដាចារ្យ វេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា គ្រុនឈាមគឺជាជំងឺឆ្លង ដោយមាន ភ្នាក់ងារចម្លងគឺមូសខ្លា ហើយបណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទ ។ លោកស្រីវេជ្ជបណ្ឌិត បន្ដថា ជំងឺគ្រុនឈាម ជារៀងរាល់ឆ្នាំ បានកើតមានភាគច្រើននៅអំឡុងរដូវភ្លៀង ដែលគួរតែបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ដូចនេះគឺត្រូវការចូលរួមសហការទាំងអស់គ្នា ជាមួយ អាជ្ញាធរ លុបបំបាត់ជម្រកមូស គេងក្នុងមុង ជាដើម ដើម្បីអាចបង្ការជំងឺគ្រុនឈាមនេះបានកម្រិតខ្ពស់។  «វិធានការបង្ការគឺត្រូវសម្អាតជុំវិញផ្ទះ សម្អាតក្នុងសហគមន៍ជុំវិញផ្ទះ សម្អាតក្នុងសហគមន៍ឱ្យ បានស្អាត ដែលមានកិច្ចសហការជាមួយនឹងប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន នៅក្នុងសហគមន៍ របស់យើងឱ្យបានស្អាត ការរស់នៅស្អាតមិនមានជម្រកមូស។ ការបំបាត់ពេលខ្លះយើងមិនអាចបំបាត់បានទាំងស្រុងទេ តែអាចកាត់បន្ថយទៅតាមអ្វីដែលយើងអាច ធ្វើបាន ហើយប្រជាជនមានការយល់ដឹងនៅក្នុងសហគមន៍ អ៊ីចឹងការកកើតគឺតិចតួចបំផុត។ ហើយនៅពេលដែលមានការកើតយើងគ្រាន់តែដឹងថាយើងត្រូវសហការ ត្រូវធ្វើយ៉ាងម៉េច ឧទាហរណ៍ ថាបើមានការកើត ការរីករាល យើងឆាប់ជូនជាព័ត៌មាន ជូនជាដំណឹងទៅក្រសួងពាក់ព័ន្ធ ជាពិសេស គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមដើម្បីចុះទៅដល់មូលដ្ឋាន ដើម្បីចុះទៅរៀបជាសារអប់រំ និងចុះទៅបំបាត់នូវជម្រកមូស ក៏ដូចជាការដាក់អាល់បែត ដូចជាការបាញ់ថ្នាំមូសជាដើម។ លោកមានវិធានការរបស់លោក ដើម្បីទប់ស្កាត់ការឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀត»។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺគ្រុនឈាម មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែជាធម្មតា អ្នកជំងឺ នឹងជាសះស្បើយក្នុងរយៈពេល ២ សប្តាហ៍។ សំខាន់បំផុត ត្រូវព្យាបាលទៅតាមរោគសញ្ញា ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ។ ដោយជំងឺគ្រុនឈាមមាន២កម្រិត គឺកម្រិតមធ្យម បណ្តាលឱ្យយើង គ្រុនក្តៅខ្លាំង កន្ទួល ឈឺសាច់ដុំ និងសន្លាក់។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.