លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បង្ហាញថា មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលទទួលបានសម្លេងច្រើនជាងគេ ក្នុងនោះគឺ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសម្លេងគាំទ្ររហូតដល់ ៨២,៣០ ភាគរយ និងគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩,២១ ភាគរយ។

យោងតាមតារាងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹងឱ្យថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សម្លេង និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសម្លេងគាំទ្រចំនួន ៧១៦ ៤៩០សម្លេង។ យោងតាមការគណនាក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបានអាសនៈចំនួន ១២០ នៅរដ្ឋសភា និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន ៥ (រាជធានីភ្នំពេញ ១ ខេត្តកណ្តាល ១ ខេត្តកំពង់ធំ ១ ខេត្តព្រៃវែង ១ និងខេត្តកំពង់ចាម ១)។

ក្រៅពីគណបក្សនយោបាយទាំងពីរខាងលើ មានគណបក្សនយោបាយផ្សេងទៀត ក៏បានទទួលសម្លេងគាំទ្រពីម្ចាស់ឆ្នោតដែរ ដូចជា៖ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤ ២៨៥សម្លេង គណបក្សធម្មាធិបតេយ្យ ទទួលបាន ៨៤ ០៣០សម្លេង គណបក្សយុវជនកម្ពុជា ទទួលលបាន ៩៧ ៤១២សម្លេង គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ២០ ២១០សម្លេង គណបក្សខ្មែរតែមួយ ទទួលបាន ៣៦ ៥២៦សម្លេង គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២៣ ១៩៧សម្លេង គណបក្សកម្លាំងប្រជាធិបតេយ្យ ទទួលបាន ១៣ ៧០៤សម្លេង គណបក្សកសិករ ទទួលបាន ១២ ៧៨៦សម្លេង គណបក្សស្ត្រីដើម្បីស្ត្រី ទទួលបាន ២២ ៨៤៣សម្លេង គណបក្សខ្មែរឈប់ក្រ ទទួលបាន ៤០ ០៩៦សម្លេង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៣៥ ៤១៦សម្លេង គណបក្សបំណងពលរដ្ឋ ទទួលបាន ១៣ ៨៣១សម្លេង គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន ២៦ ០៩៣សម្លេង គណបក្សឯកភាពជាតិខ្មែរទទួលបាន ២៥ ២៦១ សម្លេង គណបក្សខ្មែរអភិរក្ស ទទួលបាន ២០ ៩៦៨ សម្លេង និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន ៥២ ៨១៧សម្លេង។

ជាមួយគ្នានោះដែរ គ.ជ.ប. បានឱ្យដឹងថា សន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សន្លឹក សន្លឹកឆ្នោតមិនបានការសរុប ៤៤០ ១៥៤សន្លឹក និងសន្លឹកឆ្នោតនៅក្នុងហិបឆ្នោតចំនួន ៨ ២១៤ ៤៣០សន្លឹក៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.