ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា សុខដុមនីយកម្មនៃជន​ជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់​សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ហើយ​នៅ​ក្នុងប្រទេសកម្ពុជាមានសាសនាជាច្រើនដូចជា ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ដ​សាសនា និងសាសនាមួយចំនួនទៀត ដែលយើងទាំងអស់គ្នារស់នៅជាមួយគ្នា​ដោយ​សុខ​ស្រួល។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះជួយស្រុកកោះសូទិនបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូនប្រជា​ពលរដ្ឋ​សាសនិកឥស្លាម ក្នុងភូមិទី១៣ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់​ចាម នាព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។

​ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ បងប្អូនសាសនិកឥស្លាមក្នុងឃុំកោះសូទិន ខេត្ដកំពង់ចាម​ហើយបានកោតសរសើរចំពោះ​សាស​និកឥស្លាម​កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នៅតាមវិហារនានា និងអ្នកគោរពសាសនា​ឥស្លាម​ទាំងអស់ ដែល​បានចូលរួមចំណែកថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិ យើងចម្រុង​ចម្រើន​តាមរយៈការខិតខំ​របស់បងប្អូន។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា សាសនាទាំងអស់ មិនមានសាសនាណា​មួយ​ប្រដៅមនុស្សឱ្យធ្វើអំពើអាក្រក់នោះទេ គឺសុទ្ធតែប្រដៅមនុស្សឱ្យសាងនូវអពើល្អ។

​ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ផងដែរថា មានប្រទេសមួយចំនួនធំ​មិន​អនុញ្ញាតិឱ្យបងប្អូនឥស្លាមស្លៀកពាក់សម្លៀកបំពាក់ និងទទូរ ឬពាក់ មួកសាសនាចូលរៀន និងថតរូបដាក់ក្នុងអត្តសញ្ញាណបណ្ណ ឬលខិតឆ្លងដែនឡើយ។ ប៉ុន្តែនៅកម្ពុជាគឺអនុញ្ញាត្ត​ឱ្យ​បងប្អូនឥស្លាមពាក់ដោយមិនចាំបាច់ដោះក្រមារទទូរ ឬមួកចេញឡើយ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា លើសពីនេះទៀត បងប្អូនខ្មែរឥស្លាមរស់នៅក្នុង​ប្រទេស​​មានសិទ្ធិសេរីភាពពេញលេញ ដោយគ្មានជម្លោះសាសនាអ្វីឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.