ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងត្រូវរៀបចំឱ្យមានជាបន្តទៀត នៅក្នុងនីតិកាលទី៧ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ ទាំងធនធានមនុស្ស ធនធានខួរក្បាល សម្រាប់បន្តការអភិវឌ្ឍប្រទេស ហើយក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ ជាពិសេស ឯកឧត្ដមថ្នាក់ដឹកនាំគណបក្សនយោបាយ តាមតេឡេក្រាមនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានថ្លែងសារកាលពីម្សិលមិញ ទាក់ទងនឹងការតែងតាំងឡើងវិញ នៃមន្ត្រីមុខងារនយោបាយ ក៏មានការលើកឡើងជាសំណួរមកកាន់សម្ដេច ពីសំណាក់គណបក្សនយោបាយ ដែលចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ថាតើតាំងទៀតឬទេ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា សម្ដេចបានពិភាក្សាយ៉ាងល្អិតល្អន់លើរឿងនេះ កាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីការបោះឆ្នោត យើងពិតជាមានតម្រូវការដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្ដាបក្សនយោបាយ បើទោះបីជាបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។

សម្ដេចតេជោគូសបញ្ជាក់ថា ក្នុងន័យនេះ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត។ ក្នុងនោះបើយោងទៅលើព្រះរាជក្រឹត្យ នីតិកាល អាណត្តិរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឱ្យដំណើរការ នូវក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហើយដែលពេលនោះ លក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងនៅក្នុងព្រះរាជក្រឹត្យនោះដែរ។ ប៉ុន្តែជាស្មារតីរួម សម្ដេចបានលើកឡើង បន្ទាប់ពីបានពិភាក្សានោះ គឺយើងនឹងផ្ដល់នូវរៀបចំដូចកាលពីនីតិកាលទី៦ ដូចគ្នា ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ។

ដូច្នេះហោចណាស់ ក្នុងគណបក្សនយោបាយមួយ មានឥស្សរជន៣រូប ក្នុងការចូលរួមផងដែរ។ សម្ដេចតេជោគូសបញ្ជាក់បន្តថា សម្ដេចក៏បានពិភាក្សាគ្នាថា វាជាលទ្ធភាពដែលបើកឱ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត ដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃអាចចូលរួមបានដែរ។ តែរឿងនេះទុកលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី ធ្វើសេចក្ដីសម្រេច ដើម្បីស្នើសុំព្រះរាជក្រិត្យ បង្កើតឱ្យមានឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ សម្រាប់នីតិកាលទី៧។ ដូច្នេះ សូមគណបក្សនយោបាយដែលធ្លាប់បានចូលរួម នៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នីតិកាលទី៦ មានការនឹងនរ អំពីការរៀបចំបន្ត។

ឯចំពោះគណបក្សនយោបាយ ដែលមិនបានចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែមានការចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវបានចូលរួមយ៉ាងណានោះ គឺទុកលទ្ធភាពជូនចំពោះនាយករដ្ឋមន្ត្រីថ្មី និងរាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូរពីលើរឿងនេះ។ សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា៖ “យើងចង់ប្រមូលផ្ដុំធនធានមនុស្ស ធនធានខួរក្បាល ដើម្បីនឹងបន្តការអភិវឌ្ឍប្រទេស បន្ថែមលើនោះ ក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

យើងមានវេទិកាជួយយោបល់ ទាំងក្នុងសភា ទាំងការងារដែលទាក់ទងជាមួយនិងការផ្ដល់មតិសម្រាប់រាជរដ្ឋាភិបាលផ្ទាល់ ដែលនាយករដ្ឋមន្ត្រីត្រូវធ្វើការជាមួយ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលបណ្ដាបក្សនយោបាយអាចនឹងធ្វើការផ្ទាល់ជាមួយនិងនាយករដ្ឋមន្ត្រី ក្នុងរយៈពេល៦ខែម្ដង។”

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា សារមួយនេះ នឹងផ្ដល់នូវភាពនឹងនរ សម្រាប់បណ្ដាបក្សនយោបាយដែលបានចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហើយក៏ផ្ដល់នូវសេចក្ដីសង្ឃឹមផ្នែកណាមួយនោះ ជូនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះនៅក្នុងក្រសួងមហាផ្ទៃ តែលទ្ធភាពនោះគឺសម្ដេចទុកជូនចំពោះរាជរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មី ជាអ្នកសម្រេច។

Gគួរម្លឹកដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០១៨ តាមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.