ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០​លាន​​ដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង​បន្ថែម​ សម្រាប់ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈ​កំណែ​ទម្រង់​ជាបន្ត​បន្ទាប់​ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។ នេះបើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ ADB។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយក្រោមកម្មវិធី​អភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើ​វិមជ្ឈការលើក​ទីពីរ​នេះ​នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាល​មូល​ដ្ឋានក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

កំណែទម្រង់​​ក្រោម​កម្ម​វិធី​រងទីពីរនេះត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកាការគ្រប់គ្រង​ចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និងកែលម្អលទ្ធភាពទទួល​បានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។

លោកស្រី Jyotsana Varma នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា​មាន​ប្រសាសន៍ថា៖ «កំណែទម្រង់និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តន៍​ក្នុង​កម្ម​វិធីនេះ​នឹងជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ​ និងខេត្តសម្រាប់​ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​ប្រកប​ដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការ​ទទួល​បានទឹកស្អាតអនាម័យនិង​ការអប់រំជាដើម។ វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុងកម្រិត​មូលដ្ឋានផងដែរ»។

លោកស្រីបានបន្ដថា កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែង​របស់​ADB​ លើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជារួមទាំងការបង្កើតគោលនយោ​បាយ ​និង ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ដំណើរការ​វិមជ្ឈការក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់​គ្រងប្រាក់​ចំណូលនៅថ្នាក់ក្រោមជាតិ។

លោកស្រីនាយិកាបានបញ្ជាក់ថា ADB បានជួយ​បង្កើតការិយាល័យសេវាច្រកចេញ-ចូល​តែ​មួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា​ការិយាល័យភ្នាក់​ងារ​ស៊ើបអង្កេតបណ្តឹងតវ៉ាដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណ​ភាព​នៃ​សេវាកម្មដែលបានផ្តល់។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា កម្មវិធីរងទីពីរនេះផ្តោត​លើការ​ពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាពនិងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ដែលត្រូវបាន​អនុម័តក្រោមកម្មវិធីរងទីមួយដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូល​ដ្ឋាន។

សូមជម្រាបជូនថា ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ ដោយសង្កត់ធ្ងន់លើការបន្ត​គោល​នយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅទាំងវិធានការវិមជ្ឈការផ្នែករដ្ឋ​បាល និងសារពើពន្ធ​សម្រាប់ការកែលម្អការផ្តល់សេវាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងការកាត់បន្ថយភាពក្រីក្រ។​ កម្ចី​កម្មវិធី​ថ្មី​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​​កម្ពុជា​​ឆ្នាំ២០១៩-២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.