ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃចន្ទនេះថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានទទួលស្គាល់ជាលើកដំបូងចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួនក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

KCNA បានរាយការណ៍ថា លោក Li Hongzhong សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី ៧០ ឆ្នាំនៃការបញ្ចប់សង្គ្រាមកូរ៉េ។

លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងដើម្បី “ចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី ៧០ ឆ្នាំនៃទិវាជ័យជំនះនៃសង្រ្គាមរំដោះជាតិ”។

គួរបញ្ជាក់ថា បើតាមបច្ចេកទេស កូរ៉េខាងជើង និងខាងត្បូងនៅតែមានសង្រ្គាម ព្រោះប្រទេសជាបងប្អូនគ្នានេះមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេ។ ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានឃុំខ្លួនទាហានអាមេរិកម្នាក់ ដែលបានរត់ឆ្លងព្រំដែនអន្តរកូរ៉េដោយខុសច្បាប់ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនបានប្រឈមមុខនឹងបញ្ហាការទូតថ្មីជាមួយនឹងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.