នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមការងារនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើបទបង្ហាញអំពីរបាយការណ៍ ស្តីពីលទ្ធផលនៃគម្រោងស្រាវជ្រាវនៃគម្រោងសាកល្បងអនុវត្តគំរូស្ទែមនៅសាលាក្នុងខេត្តកំពង់ស្ពឺ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែងកិច្ចការស្រាវជ្រាវនេះឡើង។ ជាមួយគ្នានោះ ឯកឧត្តម បានផ្តល់នូវអនុសាសន៍ និងចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែម ដោយផ្តោតលើទិន្នភាពខេត្តកំពង់ស្ពឺតែម្តង ដែលតម្រូវឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដោយមិនអាចរំលងបាននោះគឺកិច្ចសហការពីសហគមន៍មូលដ្ឋានផ្ទាល់។

ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមការងារបន្តសិក្សា និងពិចារណាស្នើសុំការពិភាក្សា និងណែនាំពីបន្ថែមពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងកាន់តែមានភាពសុីសង្វាក់ជាមួយនឹងស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង។

សូមជម្រាបជូនថា កិច្ចប្រជុំបានដំណើរការដោយរលូន ដោយមានការចូលរួមពិភាក្សាយ៉ាងក្បោះក្បាយទៅលើបញ្ហាប្រឈមនានា រួមទាំងការចែករំលែកអនុសាសន៍ ក៏ដូចជាផ្តល់នូវដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលក្រុមការងារអាចនឹងជួបប្រទះពេលអនុវត្តគម្រោងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.