ប្រទេសចិននឹងបន្តផ្តល់ការលើកលែងទិដ្ឋាការរយៈពេល ១៥ថ្ងៃសម្រាប់ពលរដ្ឋសិង្ហបុរី និងប្រ៊ុយណេ ចាប់ពីថ្ងៃទី២៦ ខែកក្កដាទៅ ក្រោយការផ្អាកផ្តល់ការលើកលែងទិដ្ឋានការនេះអស់ជាង ៣ឆ្នាំ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមការជូនដំណឹងរបស់ស្ថានទូតចិនប្រចាំប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងពីរនោះ ការធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការនឹងត្រូវបានផ្តល់ជូនសម្រាប់ពលរដ្ឋសិង្ហបុរី និងប្រ៊ុយណេ ដែលមានលិខិតឆ្លងដែនធម្មតាធ្វើដំណើរសម្រាប់ធ្វើគោលបំណងអាជីវកម្ម ទស្សនាកម្សាន្ត សួរសុខទុក្ខសាច់ញាតិ និងមិត្តភក្តិ និងការធ្វើដំណើរឆ្លងកាត់។

ក្រោមគោលនយោបាយ «គ្មានជំងឺកូវីដ» ប្រទេសចិនបានដាក់កំហិតចំពោះការធ្វើដំណើរយ៉ាងតឹងរ៉ឹងទៅលើភ្ញៀវអន្តរជាតិចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដើម្បីការពារការរីករាលដាលនៃមេរោគជំងឺកូវីដ១៩។

រដ្ឋាភិបាលចិនបានដកចេញនូវវិធានការនានានៃគោលនយោបាយករណីសូន្យនៃជំងឺកូវីដ១៩ របស់ខ្លួនកាលពីក្នុងខែធ្នូឆ្នាំមុន ប៉ុន្តែទើបតែចាប់ផ្តើមចេញទិដ្ឋាការទេសចរណ៍ម្តងទៀតចាប់ពីក្នុងខែមីនា ឆ្នាំ២០២៣ មក។

ប្រទេសចិនក៏បានស្វែងរកការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋខ្លួនទៅកាន់ប្រទេសសិង្ហបុរីផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.