ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់គ្រាប់មីស៊ីលផ្លោង​កាលពីពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង។

លោក គីម គុន (Kim Gunn) អ្នកតំណាងពិសេសសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ សមភាគីសហរដ្ឋអាមេរិក លោក ស៊ុង គីម (Sung Kim) និងសមភាគីជប៉ុន លោក តាកេហ៊ីរ៉ូ ហ្វូណាកូស៊ី (Takehiro Funakoshi) បានថ្លែងសារនៅក្នុងកិច្ចប្រជុំត្រីភាគីនៅទីក្រុងការុយហ្សាវ៉ា នៅមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។

ក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសទីក្រុងវ៉ាស៊ីនតោន ហើយបានយល់ព្រមបង្កើត NCG ដើម្បីពិភាក្សាអំពីផែនការនុយក្លេអ៊ែរ និងយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្ត និងពង្រឹងភាពជឿជាក់របស់សហរដ្ឋអាមេរិក បន្តការប្តេជ្ញាចិត្តរារាំងដល់កិច្ចការពារកូរ៉េខាងត្បូងជាមួយនឹងសមត្ថភាពយោធា រួមទាំងអាវុធនុយក្លេអ៊ែរ។

ក្រសួងនោះបាននិយាយថា លោក គីម ក៏បានជួបប្រជុំដាច់ដោយឡែកមួយជាមួយ លោក ហ្វូណាកូស៊ី និងបានថ្កោលទោសដែលមិនធ្លាប់មានពីមុនមកចំពោះការបង្ករឿងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

កិច្ចប្រជុំនោះបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បរាជ័យក្នុងការចាត់វិធានការទៅលើប្រទេសកូរ៉េខាងជើងសម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយសារតែការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.