ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា អ្នកចរចានុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងជួបប្រជុំគ្នានៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់កូរ៉េខាងជើង។

កិច្ចប្រជុំត្រីភាគីនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងការុយហ្សាវ៉ា ដោយមានការចូលរួមពីតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ប្រទេសជប៉ុន លោក តាកេហ៊ីរ៉ូ ហ្វូណាកូស៊ី (Takehiro Funakoshi) និងអ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ លោក គីម គុន (Kim Gunn)។

ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មន្ត្រីទាំងបីនឹងពិភាក្សាគ្នាអំពីការរក្សាកិច្ចសហប្រតិបត្តិការត្រីភាគីយ៉ាងជិតស្និទ្ធ ជាពិសេសបន្ទាប់ពីការបាញ់គ្រាប់មីស៊ីល ICBM ខុសច្បាប់របស់កូរ៉េខាងជើងកាលពីថ្ងៃទី១២ ខែកក្កដា ដែលជាការបាញ់គ្រាប់មីស៊ីល ICBM លើកទី១២ របស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីដើមឆ្នាំ២០២២ មក»។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទន្ទឹងរង់ចាំសម្រាប់កិច្ចប្រជុំនេះ សម្រាប់ការពិភាក្សាស៊ីជម្រៅអំពីការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងលើកទឹកចិត្តឱ្យប្រទេសកូរ៉េខាងជើងវិលត្រឡប់ទៅរកកិច្ចចរចាសំខាន់ៗឡើងវិញ ។

កិច្ចប្រជុំដែលបានគ្រោងទុកនេះនឹងធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរាជ័យក្នុងការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើង សម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីល ICBM ចុងក្រោយរបស់ខ្លួន ដោយសារតែការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដែលកាន់អំណាចសិទ្ធិវេតូ និងអ្នកគាំទ្រជាមិត្តរបស់កូរ៉េខាងជើង៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.