អាជ្ញាធរស្រុកសេសានដាស់តឿនប្រជាពលរដ្ឋ ដែល ប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរឆ្លងកាត់ទន្លេ សូមប្រុងប្រយ័ត្ន ព្រោះនៅខែវស្សាមាន ភ្លៀង ខ្យល់ អាចបង្កឱ្យកើតមានគ្រោះថ្នាក់បាន ។

ក្នុងឱកាស ផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងចុះសួរសុខទុក្ខបងប្អូនជនជាតិគ្រឹង នៅភូមិរំពាត់ឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១៨កក្កដា លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ បងប្អូនប្រើប្រាស់ទូកតូចៗជាមធ្យោបាយ ឆ្លងកាត់ទន្លេ ឬទៅធ្វើនេសាទក្តី ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងនាំគ្នាត្រៀមបង្ការនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រោះរដូវវស្សាឆ្នាំនេះ មានភ្លៀងមានខ្យល់ព្យុះ ផ្គររន្ទះ ដែលជាបញ្ហាបង្កហានិភ័យប៉ះពាល់ផ្នែកសុវត្ថិភាពក្នុងការរស់នៅ ។

លោកបន្តថា៖ប្រការនេះសូមឱ្យលោកមេភូមិឬហៅថាមេកន្ទ្រាញជនជាតិគ្រឹង នៅភូមិរំពាត់នេះជួយដាស់តឿន និងពន្យល់ណែនាំបងប្អូនយើងបន្ថែម ពេលឆ្លងទូកកុំយកកូនតូចធ្វើដំណើរទៅជាមួយតាមទូក ហើយរស់នៅឱ្យមើលថែទាំសុខភាព និងមើលថែកូនចៅឱ្យមានសុវត្ថិភាពផង ។

លោក គ្រេមយឿង មេភូមិរំពាត់ និងជាមេកន្ទ្រាញជនជាតិគ្រឹង បានទទួលយកការណែនាំនេះ ព្រោះបានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈជាមុន ដោយសារកន្លងមកបងប្អូនយើងធ្លាប់ជួបប្រទះ នៅឆ្នាំ២០១៨ មានបាក់ទំនប់សេពានសេណាមណយនៅប្រទេសឡាវ ទឹកទន្លេឡើងគំហុកនៅពេលយប់ បង្កឱ្យមានការព្រួយបារម្ភ ។

លោកថា៖ជារឿយៗលោកបានណែនាំបងប្អូនយើងរួចមកហើយ នៅពេលឃើញមេឃងងឹតមានភ្លៀង សូមឱ្យផ្អាកការបើកបរទូក ដើម្បីបង្ការខ្លាចលិច។

(សំឡេង) ” ខ្ញុំដឹកនាំប្រជាជនខ្ញុំដំណើរតាមផ្លូវទឹក គឺសូមប្រុងប្រយ័ត្នដាច់ខាត កុំឱ្យលិចលង់ទឹកស្លាប់ បើសិនជាខ្យល់ព្យុះចតសិន កុំឱ្យដំណើរការ ព្រោះទឹកនេះ ធំណាស់ តែមានព្យុះមានរលកហើយ ទូកល្មមៗលិចតែម្តង សូមប្រជាជនខ្ញុំទាំងអស់ សូមផ្តាំមុនថាកុំឱ្យធ្វើដំណើរពេលភ្លៀងមានខ្យល់ព្យុះ កុំឱ្យដំណើរការ ឱ្យចតសិន ហើយដាក់កានតាមទូកប្រសិនបើលិចទូកចាប់កានហែលទៅ”។

សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋជនជាតិគ្រឹងរស់នៅភូមិរំពាត់ មានចំនួនជាង១០០គ្រួសារបានប្រើប្រាស់ទូកតូចៗ ជាមធ្យោបាយក្នុងការទាក់ទងគ្នា និងទៅរកបន្លែត្រីសាច់ ធ្វើនេសាទត្រីសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ បែបសាមញ្ញទៅតាមទម្លាប់ដែលធ្លាប់រស់នៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.