រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក មោរ៉ូ វីយ៉ែរ៉ា (Mauro Vieira) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស្ពុតនីកថា កិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងដែលគ្រោងធ្វើនៅចុងខែសីហាខាងមុខនេះ អាចជាឱកាសមួយសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ៩Vladimir Putin) និងសមភាគីប្រេស៊ីល លោក ល្វីហ្ស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva)។

លោក វីយ៉ែរ៉ា បាននិយាយដោយធ្វើអត្ថាធិប្បាយទៅលើផែនការរបស់លោក លូឡា ក្នុងការជួបប្រជុំជាមួយលោក ពូទីន ថា «ឱកាសដ៏ល្អបំផុតសម្រាប់កិច្ចប្រជុំមួយរវាងមេដឹកនាំទាំងពីរ អាចត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រ៊ីកស៍នៅអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីការពីលោក លូឡា ជាប់ការបោះឆ្នោតមក មេដឹកនាំទាំងពីរបានទាក់ទងគ្នាពីរដងរួចមកហើយ ហើយលោកប្រធានាធិបតី ពូទីន បានទទួលបេសកជនពិសេស លោក ស៊ែលសូ អាម៉ូរីម (Celso Amorim) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន និងអនាគតសន្តិភាព»។

អ្នកការទូតកំពូលរបស់ប្រទេសប្រេស៊ីលបាននិយាយបន្ថែមថា ចាប់តាំងពីការជាប់ឆ្នោតរបស់លោក លូឡា កាលពីឆ្នាំមុនមក លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ចំនួនបីដង ដោយកិច្ចសន្ទនាទ្វេភាគីស្តីពីជម្លោះនៅអ៊ុយក្រែនបានប្រព្រឹត្តទៅយ៉ាងសកម្មក្នុងទម្រង់ផ្សេងៗគ្នា។

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅពេលសួរថា តើលោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលប្រ៊ីកស៍នៅក្នុងឆ្នាំនេះឬអត់នោះ លោកបាននិយាយថា ទម្រង់នៃព្រឹត្តិការណ៍នេះមិនទាន់ត្រូវបានសម្រេចទាំងស្រុងនោះទេ ដោយមានការពិភាក្សាបន្តទៅលើបញ្ហានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.