មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានណែនាំដល់កសិករដាំដំឡូងមី ត្រូវជ្រើសរើសយកពូជ(K U 50) សម្រាប់ដាំ ដើម្បីរួមគ្នាកាត់បន្ថយ និងលុបបំបាត់ជំងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឱ្យមានកំណើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៣ លោកតាំងជីផេង មន្ត្រីបច្ចេកទេសផ្នែកកសិកម្មបានពន្យល់ថា៖ ដើម្បីឱ្យដំឡូងមីទទួលបានផលច្រើន កសិករ ត្រូវភ្ជួរដីហាលឱ្យងាប់ស្មៅ និងមេរោគ ជ្រើសរើសពូជល្អ ដូចជា (K U 50)ប្រសិនបើមាន ហើយ អនុវត្តការថែទាំ និង ដាក់ជីបន្ថែម ។

លោកបន្តថា៖ នៅក្នុងការថែទាំ ពេលដំឡូងលូតលាស់បានកម្ពស់៥០សង់ទីម៉ែត្រ ពេលសម្អាតស្មៅលើកទី១ ត្រូវពិនិត្យមើល បើដំឡូងមានកើតជំងឺរួញស្លឹក ក្រហមស្លឹកងាប់ដើម ត្រូវដកយកទៅកប់ដី ឬដុតបំផ្លាញចោល មិនត្រូវស្តាយឡើយ ដើម្បីសម្លាប់មេរោគកុំឱ្យវាចម្លងទៅដំឡូងល្អផ្សេងៗទៀត ។

លោកស្រី អ៊ុនប្រាណ ជាកសិករលក់ដើមដំឡូងមី នៅឃុំស្រែគរ បានបញ្ជាក់ថា៖អ្នកចម្ការ ឆ្នាំនេះបានពង្រីកផ្ទៃដីដាំដំឡូងមីគ្រប់គ្រួសារ ព្រោះមានអ្នកមិនដែលដាំសោះ ក៏បានមកទិញពូជយកទៅដាំដុះដែរ ដោយសារនៅឆ្នាំ២០២៣ នេះ មើមដំឡូងស្រស់មានតម្លៃចាប់ពី៣២០ទៅ៤៦០រៀលក្នុងមួយគីឡូក្រាម ចំណែកដំឡូងហាលស្ងួត មានតម្លៃ៧២០ទៅ៨៧០រៀលក្នុងមួយគីឡូក្រាម។

លោកស្រីបន្តថា៖កសិករមិនបានជ្រើសរើសពូជតាមការណែនាំក៏ពិតមែន តែពួកគាត់បានប្រឹងប្រែង ដាំដុះមិនទុកផ្ទៃដីឱ្យនៅទំនេរទេ ហើយនៅតាមចម្ការនីមួយៗសង្កេតឃើញមាន ដំឡូងខ្លះល្អ ខ្លះទៀតមានកើតជំងឺងាប់ដើមក៏មានដែរ ។

លោកស្រីចនគឿន ជាកសិករដាំដំឡូងមីនៅឃុំស្រែគរ ម្នាក់ទៀតបានទទួលស្គាល់ថា៖ ឆ្នាំនេះដំឡូងមិនសូវល្អទេ ព្រោះកើតជំងឺរួញស្លឹកច្រើន ហើយស្វិតងាប់ដើម ដោយសារដីចម្ការខ្លះ មានស្ថានភាពជាំទឹក ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលផងនោះ។

លោកស្រីបន្តថា៖ នៅតាមមូលដ្ឋានដាច់ស្រយាលមិនមានពូជល្អ ដាំទេ ដោយយកពូជពីចម្ការខ្លួនឯងទៅដាំវាចំណាយតិច ហើយខ្វះខាតទិញដើម នៅក្នុងស្រុកបន្ថែម ខណៈ បច្ចុប្បន្ននេះ កសិករយើងកំពុងអនុវត្តតាមមន្ត្រីជំនាញកសិកម្មដែលបានណែនាំហើយ ។

សូមបញ្ជាក់ថា ដោយសេវាកម្មតម្លៃដំឡូងមីមានទីផ្សារល្អ បានជំរុញទឹកចិត្ត កសិករនៅខេត្តស្ទឹងត្រែង បង្កើនផែនការដាំដំណាំដំឡូងមីកាន់តែច្រើនលើសឆ្នាំ២០២២ ប្រមាណជាង២០%ទៅលើផ្ទៃដីសរុប បានជិត៣ម៉ឺនហិកតា ព្រោះដំណាំឧស្សាហកម្មមួយប្រភេទនេះ មានឈ្មួញទិញនាំចេញទៅប្រទេសជិតខាងទាំងរដូវប្រាំងនិងរដូវវស្សា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.