មន្ត្រីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូងនឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវឧបករណ៍រាវរកមីន និងឧបករណ៍ដោះមីនបន្ថែមទៀត ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយរបស់ខ្លួនសម្រាប់ប្រទេសដែលកំពុងតែហែកហួរដោយសង្រ្គាមមួយនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ ហើយបានព្រមព្រៀងផ្តល់កញ្ចប់សន្តិសុខ មនុស្សធម៌ និងការកសាងប្រទេសឡើងវិញ ក្រោមឈ្មោះថា «គំនិតផ្តួចផ្តើមសន្តិភាព និងសាមគ្គីភាពអ៊ុយក្រែន»។

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយសសរស្តម្ភចំនួនប្រាំបួន ដោយក្នុងនោះ សសរស្តម្ភបីសម្រាប់ប្រភេទជំនួយនីមួយៗ ដែលរួមមានទាំងការផ្គត់ផ្គង់ឧបករណ៍សុវត្ថិភាពបន្ថែមទៀតផងដែរ។ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរងរបស់កូរ៉េខាងត្បូង លោក គីម តេយ៉ូ (Kim Tae-hyo) ។

ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក យូន ទៅកាន់ប្រទេសអ៊ុយក្រែនបានកើតឡើងនៅពេលដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅពីរប្រទេស គឺប្រទេសលីទុយអានី និងប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។

លោក គីម បាននិយាយថា ការធ្វើដំណើរពីប្រទេសប៉ូឡូញកាលពីយប់ថ្ងៃសុក្របានចំណាយពេល ១៤ម៉ោងតាមយន្តហោះ ផ្លូវគោក និងរថភ្លើង និង ១៣ម៉ោងសម្រាប់ការវិលត្រឡប់មកវិញ ខណៈដែលលោក យូន ស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនត្រឹមតែ ១១ម៉ោងប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.