សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ថា សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុង សង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤។

ក្នុងពិធីសម្ពោធ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួមពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១ ដែលសម្តេចបានប្រកាស ជា សាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅវិមាន អេលីហ្សេ  (Elys-e) ជាមួយឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង(H.E. Emmanuel  Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ ២០២២ ដើម្បីបង្ហាញ នូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។ បន្ថែមពីនោះទៀត ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ ។

សម្តេចតេជោ បានបន្តថា ប្រជាជាតិខ្មែរមានប្រវត្តិដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាង បារាំងនិងខ្មែរ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់បារាំងលើវិស័យចំនួន ៥ គឺទ័ពជើងទឹក ទ័ពជើងគោក រដ្ឋបាល ការទូត និងបញ្ញវន្ត ។ សម្តេចតេជោ បានបន្តទៀតថា សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញ ទៅមក ពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឆ្នាំ ១៩១៤ ។ 

« នៅដើមឆ្នាំ ១៩១៦ រាជការបារាំងបានអំពាវនាវរកអ្នកស្ម័គ្រចិត្តខ្មែរ ដើម្បីចូលរួមជាមួយ កងទ័ពបារាំង ធ្វើសង្រ្គាមប្រឆាំងពួកអាល្លឺម៉ង់  ហើយបានចេញព្រះរាជប្រកាសជាច្រើន ដែលបានបិទ ផ្សាយនៅគ្រប់ភូមិស្រុកក្នុងប្រទេសកម្ពុជា ។ ក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមបារាំង-អាល្លឺម៉ង់ ព្រះសង្ឃខ្មែរក៏បាន និមន្តចូលរួមផងដែរ ចំណែកព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានយាងទៅជ្រើសរើស អ្នកស្ម័គ្រចិត្តជាទាហានប្រយុទ្ធ និងទាហានជាងចំនួន ២ លើក បានចំនួន ៥១៦ នាក់ ចេញពីខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តពារាំងខេត្តស៊ីធរកណ្តាល ខេត្តល្វាឯម ខេត្តរំដួល ខេត្តស្វាយទាប និង ខេត្តរមាសហែក ។ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានបញ្ចូនអ្នកអង្គម្ចាស់មួយចំនួនទៅច្បាំងនៅប្រទេសបារាំង ពេលនោះ មានអ្នកអង្គម្ចាស់ ២ អង្គ បានសុគតនៅក្នុងសង្រ្គាម ហើយបានបង្កើតជាកម្លាំងចលករ ធ្វើឱ្យប្រជារាស្ត្រខ្មែរ ជាច្រើននាក់ បានយកតម្រាប់តាមព្រះអង្គដោយស្ម័គ្រចិត្តចូលធ្វើទាហានប្រយុទ្ធ និង ទាហានជាង នៅក្នុង សង្គ្រាមនោះដែរ។ ស្មារតីកិច្ចសហប្រតិបត្តិការ បារាំង-ខ្មែរនាពេលនោះកាន់តែស្អិតល្មួត កម្ពុជាបានខិតខំ បង្កបង្កើនផលស្រូវ  ពោត  ល្ង និងភោគផលកសិកម្មផ្សេងទៀត ដើម្បី បញ្ជូនទៅជួយឧបត្ថម្ភ ប្រទេស បារាំង ដែលកំពុងត្រូវការស្បៀងអាហារជាបន្ទាន់ក្នុងសង្រ្គាម ៥០ ខែ រវាងបារាំង និងអាល្លឺម៉ង់ »៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.