ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោក ជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងបានអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីក្រុង ហ្សាការតា នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣។ នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយ ឥណ្ឌូនេស៊ី ដែលជាប្រធាន ប្តូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿនការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាង បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយ សន្តិភាព និងបរិយាបន្ន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពី ការរិះរកវិធីសាស្ត្រផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទាន ដ៏មានតម្លៃរបស់ឯកឧត្តមទៅដល់ការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះជំនួបរវាងឯកឧត្តម ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមាន មួយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.