លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ពោលគឺរយៈពេល ៩ ឆ្នាំបន្ទាប់ពីលោកបានឡើងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកថា “ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និង លាលែងពីសមាជិកនៃគណបក្ស United Thai Nation Party”។

យ៉ាងណាមិញលោកនឹងបន្តនៅជានាយករដ្ឋមន្រ្តីរហូតដល់ពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងរួចរាល់។

លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃប្រទេសថៃជាលើកដំបូង កាលពីឆ្នាំ ២០១៤ បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់។ ក្រោយមកលោកក៏បានក្លាយជាប្រមុខរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកលថៃឆ្នាំ ២០១៩ ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធា។

យ៉ាងណាមិញគណបក្សរបស់លោក ប្រយុទ្ធ បានទទួលបរាជ័យក្នុងការបោះឆ្នោតសកលអាណត្តិថ្មីកាលពីខែឧសភាកន្លងទៅ។ គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាថៃនឹងត្រូវរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។

លោក ភីថា លឹមចារឿនរ៉ាត់ មេដឹកនាំគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតបានអះអាងថា លោកនឹងមានការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.