កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានចម្ងាយ ៣៨២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរកាន់តែមានភាព ងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ខណៈបច្ចុប្បន្ននេះគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ។ . ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងបានសិក្សាចប់សព្វគ្រប់ហើយ ដើម្បីកែផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីថៃទៅឡាវ និងភ្ជាប់ទៅប្រទេសចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានលឿន និងភ្ញៀវទេសចរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាកំពុងរកដៃគូវិនិយោគ ខណៈដែលរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន ចុះមកពិនិត្យ និងសិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿននេះ ដោយប្រើនិតិវិធី BoT គឺការសាងសង់ ប្រតិបត្តិការ និងផ្ទេរមកឱ្យរាជរដ្ឋាភិបាលផងដែរ ។  « យើងបានសិក្សាចប់សព្វគ្រប់ក្នុងការលើកកម្រិតផ្លូវដែករបស់យើងនេះ ពីផ្លូវដែកល្បឿនធម្មតាទៅផ្លូវដែកល្បឿនលឿន ដែលអាចបើកក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃ ហើយតភ្ជាប់ទៅផ្លូវដែករបស់ប្រទេសឡាវ ដឹកទំនិញយើងត្រង់តែម្តងទៅដល់ប្រទេសចិន។ អាហ្នឹងយើងបានសិក្សាចប់សព្វគ្រប់ហើយ យើងកំពុងតែរកដៃគូ មកដាក់ទុនក្នុងការសាងសង់ផ្លូវដែកល្បឿនលឿនរបស់យើង »។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា កម្ពុជានឹងអាចទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលនៃអនុទន្លេមេគង្គ ដែលកម្ពុជាអាចនឹងក្លាយជាទីកន្លែងផលិត និងស្តុកទុកទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ។ សូមបញ្ជាក់ថា តាមរយៈការសិក្សាបឋមបានបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ ម៉ែត្រ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.