ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ តំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) កិច្ចប្រជុំបានប្ដេជ្ញាចិត្តសាជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញSEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្តន៍ផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្ដីពីលទ្ធភាពនៃគំនិតផ្តួចផ្ដើមរួមគ្នារវាងទីភ្នាក់ងារ សម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និង អាស៊ាន នៅក្នុងឆ្នាំ២០២៣ នេះ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែក រំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្ត្រ “មកមុនទទួលមុន សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើ ពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើ ពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.