លោក ថានី ប៊ីន អាម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសរបស់អេមីរ៉ាត់អារ៉ាប់រួម បានដឹកនាំគណៈប្រតិភូរបស់អេមីរ៉ាត់អារ៉ាប់រួមទៅចូលរួមវេទិកាសេដ្ឋកិច្ចម៉ុងហ្គោលី នៅទីក្រុងយូឡាន់បានតានៅក្នុងសប្តាហ៍នេះ ដែលនៅទីនោះ លោកបានជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញលំហូរវិនិយោគរវាងប្រជាជាតិទាំងពីរ។

នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនោះ លោក អាល់ ហ្សេយូឌី បានជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីអេច ឃូរែលបាតា (Ch Khurelbaatar) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍរបស់ប្រទេសម៉ុងហ្គោលី និងលោក អ៊ី សូដបាតា (Y Sodbaatar) ប្រធានបុគ្គលិកនៃការិយាល័យប្រធានាធិបតី ដោយក្នុងអំឡុងពេលនោះភាគីទាំងពីរបានស្វែងយល់អំពីមធ្យោបាយដើម្បីអភិវឌ្ឍភាពជាដៃគូ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការវិវឌ្ឍចុងក្រោយបង្អស់ទាក់ទងនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងធ្វើជាម្ចាស់ផ្ទះដោយអេមីរ៉ាត់អារ៉ាប់រួមនៅក្នុងឆ្នាំ២០២៤។

លោក អាល់ ហ្សេយូឌី ក៏បានជួបជាមួយលោក ប៊ី ប៊ែតសេតសេក (B Battsetseg) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងហ្គោលី ដើម្បីស្វែងយល់អំពីកាលានុវត្តភាពក្នុងវិស័យដែលកំពុងមានការរីកចម្រើន ដូចជាវិស័យកសិកម្ម និងសន្តិសុខស្បៀងអាហារ បន្ថែមពីលើការស្វែងរកការវិនិយោគរួមដែលមានសក្តានុពលក្នុងវិស័យរ៉ែ ព្រមទាំងបានជួបជាមួយលោក អេស ប៊ីយ៉ាមប៊ែតសូក (S Byambatsogt) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍផ្លូវថ្នល់ និងដឹកជញ្ជូនរបស់ម៉ុងហ្គោលី ដែលនៅក្នុងកិច្ចប្រជុំនោះ ពួកគេបានពិនិត្យមើលស្ថានភាពរបស់ប្រទេសម៉ុងហ្គោលីថាជាស្ពាននៃទំនាក់ទំនងរវាងចិន និងរុស្ស៊ី និងរបៀបដែលវាអាចជំរុញដល់វិស័យដឹកជញ្ជូន និងអាកាសចរណ៍របស់ខ្លួន។

លោក អាល់ ហ្សេយូឌី បាននិយាយថា «ប្រទេសម៉ុងហ្គោលី គឺជាដៃគូដ៏មានតម្លៃសម្រាប់អេមីរ៉ាត់អារ៉ាប់រួមនៅក្នុងតំបន់អាស៊ី ជាមួយនឹងគោលនយោបាយពាណិជ្ជកម្មបើកចំហកាន់តែខ្លាំង សមាហរណកម្មក្នុងតំបន់ដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច។ តាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតនោះ យើងអាចទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកពីការបង្កើនលទ្ធភាពទទួលបានទីផ្សារ និងការផ្លាស់ប្តូរទំនិញ សេវាកម្ម និងបច្ចេកវិទ្យាដែលរួមចំណែកដល់កំណើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រទេសយើងទាំងពីរ។កិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចម៉ុងហ្គោលី បានបង្ហាញអំពីសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ ខណៈដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរឹងមាំនៅក្នុងប៉ុន្មានឆ្នាំខាងមុខ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.