កាលពីថ្ងៃច័ន្ទ ក្រសួងកសិកម្មរបស់កូរ៉េខាងត្បូងបាននិយាយថាប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់អង្ករ K (K-rice belt) ជាមួយបណ្តាប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក ដើម្បីផ្តល់ឱ្យពួកគេនូវពូជស្រូវដែលមានគុណភាព និងចែករំលែកចំណេះដឹងកសិកម្មរបស់ខ្លួន ព្រមទាំងធានាដល់សន្តិសុខស្បៀងអាហារប្រកបដោយចីរភាពរបស់ពួកគេ។

ជាផ្នែកមួយនៃជំនួយអភិវឌ្ឍផ្លូវការរបស់ទីក្រុងសេអ៊ូល (ODA) គម្រោងនេះអំពាវនាវឱ្យមានការផ្គត់ផ្គង់ពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងម៉ាស៊ីនកសិកម្ម ក្នុងការជួយដល់ទ្វីបអាហ្វ្រិកក្នុងការកសាងប្រព័ន្ធធារាសាស្រ្ត និងសម្ភារៈចាំបាច់ផ្សេងៗ ព្រមទាំងចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទាក់ទងនឹងការដាំដុះ និងការចែកចាយដំណាំ។

សម្រាប់ការអនុវត្តគម្រោងនេះ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក ដែលរួមមានប្រទេសសេណេហ្គាល់ ហ្គាំប៊ី ហ្គីណេ ហ្គាណា កាមេរូន អ៊ូហ្គង់ដា កេនយ៉ា និងហ្គីណេប៊ីស្សា នៅទីក្រុងសេអ៊ូល នៅមួយថ្ងៃមុន។ នេះបើយោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង។

គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រមូលផលពូជស្រូវឱ្យបានប្រហែល ២.០០០តោននៅក្នុងទ្វីបអាហ្រ្វិកនៅក្នុងឆ្នាំនេះ ជាមួយនឹងតួលេខនេះនឹងធ្វើឱ្យមានការកើនឡើងដល់ជាង ១០.០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៧ ទៅ ដែលជាកម្រិតមួយគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនដែលមានប្រហែល ៣០លាននាក់ជារៀងរាល់ឆ្នាំនៅក្នុងបណ្តាប្រទេសដែលមិនសូវមានការអភិវឌ្ឍទាំងនោះ។

នៅក្នុងអំឡុងពេលនៃសម័យប្រជុំនៃកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរដែលបានធ្វើឡើងនៅក្នុងប្រទេសជប៉ុនកាលពីខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានប្តេជ្ញាថានឹងពង្រឹងការគាំទ្ររបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់បណ្តាប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ តាមរយៈកម្មវិធី ODA ហើយនឹងផ្តល់ជំនួយស្បៀងអាហាររបស់ប្រទេសនេះទ្វេដងដល់កម្មវិធីស្បៀងអាហារពិភពលោកឱ្យដល់ចំនួន ១០០.០០០តោនក្នុងមួយឆ្នាំ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.