ជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធានសភា និងសមាជិកសភាត្រូវបានបញ្ចប់ សភាប្រទេសថៃកំពុងធ្វើដំណើរទៅកាន់កិច្ចប្រជុំដ៏សំខាន់មួយបន្ទាប់ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ គណបក្សចំនួន៨ ដែលកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាជាន់ទាបបាននិយាយថា ពួកគេបានរួបរួមគ្នាក្នុងការសម្រេចចិត្តរបស់ពួកគេដើម្បីបោះឆ្នោតជ្រើសរើសយកមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat)។

ដំណើរសម្រាប់នាយករដ្ឋមន្ត្រីបន្ទាប់ និងសម្ព័ន្ធរដ្ឋាភិបាលថ្មីកំពុងខិតជិតដល់ចំណុចសំខាន់របស់ខ្លួន ដោយពេលនេះសភាត្រូវបានរំពឹងថានឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានសភា។

យោងតាមលោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះបានឱ្យដឹងថា ឥឡូវនេះ សភានឹងបញ្ជូនឈ្មោះអ្នកដែលត្រូវបានតែងតាំងជាប្រធានសភា និងតំណាងរាស្រ្តពីររូប ថ្វាយព្រះមហាក្សត្រដើម្បីប្រកាសជាផ្លូវការ។

ក្រោយការប្រកាសនោះ ប្រធានសភាដែលមានមុខតំណែងជាផ្លូវការជាប្រធានរដ្ឋសភា នឹងជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា ដើម្បីកំណត់កាលបរិច្ឆេទសមស្របសម្រាប់សម័យប្រជុំរដ្ឋសភា ដែលសមាជិកសភាទាំងថ្នាក់លើ និងថ្នាក់ក្រោមនឹងបោះឆ្នោតជូននាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលចាំផ្ទះនឹងបន្តកាន់អំណាចរហូតដល់ថ្ងៃដែលនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។

គណបក្សចំនួន៨ ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលទទួលបានអាសនៈច្រើនបំផុតនៅក្នុងសភាតំណាង បានសម្តែងការរួបរួមរបស់ពួកគេក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្ស MFP ដែលមានមេដឹកនាំ លោក ភីតា លីមចារើនរ៉ាត់ ធ្វើជានាយករដ្ឋមន្ត្រី។

មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត ឆុនឡាណាន ស្រ៊ីកែវ (Chonlanan Srikaew) បាននិយាយថា គណបក្សទាំង៨ នឹងដាក់ឈ្មោះលោក ភីតា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយនឹងព្យាយាមឱ្យទទួលបានសំឡេងភាគច្រើនដែលអាចធ្វើទៅបានដើម្បីឈានឱ្យដល់ ៣៧៦សំឡេងអប្បបរមាដែលជាតម្រូវការ។

លោកបណ្ឌិត ឆុនឡាណាន បានបញ្ជាក់ថា គណបក្សលោកមិនមានផែនការបម្រុងទុកក្នុងករណីដែលលោក ភីតា ប្រឈមនឹងឧបសគ្គនយោបាយធំៗនោះទេ ដោយលោកបាននិយាយថា ផែនការតែមួយគត់នៅពេលនេះ គឺធានាឱ្យបាននូវសន្លឹកឆ្នោតគ្រប់គ្រាន់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.