ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅ​ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិត​​កំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការ​ណ៍​​រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ នេះបើតាមសុន្ទរកថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុង «កិច្ចប្រជុំជាន់​ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកល​សម្រាប់ការ​អភិវឌ្ឍរួម» តាមរយៈប្រព័ន្ធ​វីដេអូ នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់​តែ​មា​ប្រសិទ្ធភាពខ្ពស់ ។​ សម្ដេចតេជោបានថ្លែងនូវការអបអរសាទររដ្ឋាភិបាលនៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ដែលបានរៀបចំនូវ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្ម​ភាព​សកលសម្រាប់ការអភិវឌ្ឍរួម» ។

សម្ដេចតេជោគូសបញ្ជាក់ថា ពិតណាស់ថា យើងបាន​និង​កំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្ត​ប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន។ នៅក្នុងបរិបទនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការ​ចូលរួម​យ៉ាង​សកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្តួចផ្ដើម​អភិវឌ្ឍន៍​សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយ ឯកឧត្តម​ប្រធា​នា​ធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និង ការសម្រេចឱ្យ​បាន​នូវរបៀបវារៈ ឆ្នាំ ២០៣០។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា ជាការពិតណាស់នៅក្នុង​បរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើក​កម្ពស់​ការ​ជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាច ខ្វះបាន តាមរយៈ ការដាក់ចេញនូវសកម្មភាពអនុវត្តន៍ជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការ​កាត់បន្ថយតម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និង សកល ការ​ជំរុញ​ការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ច បៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការ​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្ត​ភាពនៅក្នុងប្រទេសនីមួយៗ។ ជាមួយគ្នានេះដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល យល់ថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និង យន្ត​ការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់​គម្រោងអាទិភាព នានា សំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្ដួច​ផ្ដើមទាំង​នេះ។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា៖ «នៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និងចិន បាន​​ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិ​ការ​​ត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាង​សហគមន៍​វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ ខ្ញុំជឿជាក់ថា ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើម នានា សម្រាប់​ការអភិវឌ្ឍសកល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕

ប្រភព៖​​ ក្រសួងព័ត៌មាន

Share.

Comments are closed.