សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅឆ្នាំនេះរាជ រដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែធំនៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិក៏ធ្វើធំដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្ពពោធិ៍សាត់នាព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសធារណៈថា៖«ខ្ញុំសូមបញ្ជាក់ទុកជាមុនថា ឆ្នាំនេះនឹងត្រូវធ្វើពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ហើយបុណ្យធំៗនៅចុងឆ្នាំនេះនឹងមានពីរគឺបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំត្រូវធំ និងបុណ្យអុំទូកធំ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការមិនបានធ្វើពិធីបុណ្យអុំទូកឆ្នាំមុននេះដោយសារតែកម្ពុជាជាប់ធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន រហូតដល់មានអ្នកខ្លះថា រដ្ឋាភិបាលខ្វះលុយដើម្បីរៀបចំពិធីបុណ្យអុំទូក តែជាការមិនពិតទេ ដោយសារប្រមុខដឹកនាំ បណ្តាប្រទេសអាស៊ានចូលរួមប្រជុំនៅកម្ពុជា ហើយពិធីបុណ្យអុំទូក និងការប្រជុំអាស៊ានជាប់គ្នា ដូច្នេះរែកមិនរួចទេ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖«អីញ្ចឹងឆ្នាំនេះត្រៀមទៅខ្ញុំសូមប្រកាសទៅកាន់ទូទាំងប្រទេសថាឆ្នាំហ្នឹងយើងអ៊ុំទូកធំនៅទីក្រុងភ្នំពេញ ហើយបុណ្យឯ ករាជជាតិរបស់យើងក៏ត្រូវធ្វើធំ។ អ៊ីចឹង ឆ្នាំនេះស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ សង្ក្រាន្តក៏ធំ បុណ្យឯករាជ្យជាតិក៏ធំ បុណ្យអុំទូក សំពះព្រះខែ បណ្តែប្រទីបក៏ធំ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.