ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងវិនិយោគទឹកប្រាក់ចំនួន ១៤៥ទ្រីលានវ៉ុន (១១២,៣៨ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាកាសធាតុនៅត្រឹមឆ្នាំ២០៣០ និងពង្រីកវិធានការគាំទ្រផ្សេងៗដើម្បីសម្រេចបាននូវការនាំចេញដែលមានតម្លៃ ១០០ទ្រីលានវ៉ុននៅក្នុងវិស័យនេះ។

ការវិនិយោគនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានប្រកាសកាលពីព្រឹកម្សិលមិញនេះ ជាមួយនឹងគោលបំណងក្នុងការជួយសម្រេចបាននូវគោលដៅរបស់ប្រទេសក្នុងការឈានដល់អព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះត្រូវបានប្រកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មការប្រធានាធិបតី ស្តីពីអព្យាក្រឹតភាពកាបូន និងកំណើនបៃតងនៅក្នុងទីក្រុងសេអ៊ូល និងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo)។

នៅក្រោមផែនការនេះ រដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនក្នុងស្រុកនឹងធ្វើការបណ្តាក់ទុនរួមគ្នាចំនួន ១៤៥ទ្រីលានវ៉ុននៅត្រឹមឆ្នាំ២០៣០ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់បច្ចេកវិទ្យាទំនើបក្នុងវិស័យដែលទាក់ទងនឹងអាកាសធាតុ និងកាបូន។ ដើម្បីជួយសម្រេចបាននូវសមិទ្ធិផល ១០០ទ្រីលានវ៉ុនក្នុងការនាំចេញនោះ រដ្ឋាភិបាលបានប្តេជ្ញាបន្ធូរបន្ថយបទប្បញ្ញត្តិ និងអនុវត្តវិធានការគាំទ្រសម្រាប់ក្រុមហ៊ុននាំចេញ ដូចជាការជួយដល់ម៉ាកយីហោ និងយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ។

ប្រទេសកូរ៉េខាងត្បូងបានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៤០ភាគរយពីកម្រិតឆ្នាំ២០១៨ នៅត្រឹមឆ្នាំ២០៣០ និងឈានដល់អព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.