ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី២១ ខែមិថុនាថា គោលនយោបាយ​ចូលទៅធ្វើទេសចរណ៍ក្នុងប្រទេសឥណ្ឌូណេស៊ី​ដោយ​មានការលើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន ១៥៩ប្រទេស ត្រូវ​បាន​ដក​ចេញ​ដោយ​ផ្អែកទៅ​លើ​លទ្ធផល​នៃ​ការ​វាយតម្លៃ​ផ្អែកទៅ​លើ​អត្ថប្រយោជន៍។

មេដឹកនាំឥណ្ឌូណេស៊ីរូបនេះត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបាននិយាយថា កាលពីពេលមុន ប្រទេសឥណ្ឌូណេស៊ីបានអនុញ្ញាតឱ្យចូលដោយសេរី ហើយឥឡូវនេះប្រទេសនេះកំពុងវាយតម្លៃថា តើវាផ្តល់ផលប្រយោជន៍ដល់ប្រទេសខ្លួនឯងឬអត់។

លោក​បាន​និយាយ​ថា មិន​ត្រឹម​តែ​ប្រទេស​ឥណ្ឌូណេស៊ី​ទេ ប៉ុន្តែ​ប្រទេស​ផ្សេងៗ​ទៀត​ប្រាកដ​ជា​នឹង​វាយ​តម្លៃ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ខ្លួនដែរ។ បន្ទាប់ពីគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានដកចេញសម្រាប់ ១៥៩ប្រទេសមក មានតែប្រជាជនមកពីប្រទេសចំនួន១០ ប៉ុណ្ណោះដែលអាចចូលប្រទេសឥណ្ឌូណេស៊ីបានដោយមិនចាំបាច់មានទិដ្ឋាការទេសចរណ៍។

ប្រទេសទាំង១០ នោះជាប្រទេសសមាជិកអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងទីម័រឡេស្តេ។ ជនបរទេសដែលចូលទៅទស្សនាប្រទេសនោះក្រោមគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានរហូតដល់ទៅ ៣០ថ្ងៃ ហើយការស្នាក់នៅរបស់ពួកគេមិនអាចបន្តបានឡើយ។

ពួកគេតម្រូវឱ្យបង្ហាញលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ខែ និងសំបុត្រធ្វើដំណើរទៅវិញទៅមកនៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ដើម្បីចូលទៅក្នុងប្រទេសនេះក្រោមគោលការណ៍លើកលែងទិដ្ឋាការ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.