ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង និងបារាំង នឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយការបង្កហេតុដោយខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងក្នុងនាមជាសមាជិកមិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក យូន បានធ្វើការកត់សម្គាល់ខាងលើនេះ មុនពេលទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន (Emmanuel Macron) នៅវិមានអេលីហ្សេ ដែលជាការិយាល័យ និងជាគេហដ្ឋានរបស់ប្រធានាធិបតី។

លោក យូន បានទៅដល់ទីក្រុងប៉ារីសកាលពីមួយថ្ងៃមុនដើម្បីចូលរួមមហាសន្និបាតនៃការិយាល័យពិព័រណ៌អន្តរជាតិ (BIE) ដែលជាស្ថាប័នអន្តរជាតិទទួលបន្ទុកត្រួតពិនិត្យការតាំងពិព័រណ៍ពិភពលោក ដើម្បីផ្សព្វផ្សាយការដេញថ្លៃរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាននៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយទៅកាន់សារព័ត៌មានជាមួយលោក ម៉ាក្រុន ដែលឈរក្បែរលោកថា «ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរហួសពីមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េ និងអាស៊ីឦសាន ប៉ុន្តែជាបញ្ហានៃសន្តិភាពនៅលើពិភពលោកទាំងមូល»។

លោកបាននិយាយថា «សាធារណរដ្ឋកូរ៉េ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍បន្ទាប់នៃក្រុមប្រឹក្សាសន្តិសុខ នឹងដោះស្រាយជាមួយនឹងការញុះញង់ខុសច្បាប់របស់កូរ៉េខាងជើង ដែលរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំងដែលជាសមាជិកអចិន្ត្រៃយ៍»។

កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងត្រូវបានបោះឆ្នោតជ្រើសរើសឱ្យបម្រើការរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ២០២៤ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.