ខណៈដែលមានការរំពឹងទុកថាប្រទេសកូរ៉េខាងជើងអាចនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសក្នុងពេលឆាប់ៗនេះ ដោយរំលោភបំពានទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីនខេន (Antony Blinken) បានអំពាវនាវកាលពីថ្ងៃចន្ទឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងព្យុងយ៉ាងដើម្បីបញ្ឈប់ប្រទេសឯកោមួយនេះពីការបង្ករឿងបន្ថែមទៀត។

លោក ប្ល៊ីនខេន បានទទូចថា ប្រទេសចិនស្ថិតនៅក្នុង «តួនាទីតែមួយគត់» ដើម្បីលើកទឹកចិត្តឱ្យប្រទេសកូរ៉េខាងជើងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ លោក ប្ល៊ីនខេន បាន​និយាយ​នៅក្នុងអំឡុងពេលនៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកដែលកំពុងធ្វើឡើងនៅក្នុង​ទីក្រុង​ប៉េកាំង​ថា «​យើង​ក៏​បាន​និយាយ​អំពី​សកម្មភាព និង​វោហាសាស្ត្រ​ដែល​ព្រហើន​របស់​កូរ៉េ​ខាង​ជើង»​។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «សមាជិកទាំងអស់នៃសហគមន៍អន្តរជាតិមានចំណាប់អារម្មណ៍ក្នុងការលើកទឹកចិត្តប្រទេសកូរ៉េខាងជើងឱ្យធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ បញ្ឈប់ការបាញ់គ្រាប់មីស៊ីល ដើម្បីចាប់ផ្តើមចូលរួមក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន»។

ការលើកឡើងរបស់លោកត្រូវបានធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យរបស់ប្រទេសកូរ៉េខាងជើងកាលពីចុងខែមុន ក្នុងការបាញ់បង្ហោះយានអវកាសដែលផ្ទុកនូវអ្វីដែលខ្លួនអះអាងថាជាផ្កាយរណបឈ្លបយកការណ៍យោធា។ សហរដ្ឋអាមេរិកបានប្រកាសថា ការប៉ុនប៉ងបាញ់បង្ហោះនេះ គឺជាការរំលោភបំពានទៅលើដំណោះស្រាយរបស់ UNSC ដែលហាមឃាត់ប្រទេសកូរ៉េខាងជើងមិនឱ្យទទួលបាន ឬប្រើប្រាស់បច្ចេកវិទ្យាគ្រាប់មីស៊ីលផ្លោងណាមួយ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងបន្តបាញ់បង្ហោះយានអវកាសរហូតដល់ជោគជ័យ ដែលបង្ហាញពីសក្តានុពលនៃការបាញ់បង្ហោះលើកទីពីរនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.