សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បា​ន​គូសបញ្ជាក់ថា សម្តេច នឹងត្រូវផ្អាកការជួបជាមួយកម្មករ កម្មការិនី ត្រឹមថ្ងៃបើកយុទ្ធនាការ​បោះឆ្នោត ប៉ុន្ដែនឹងបន្តចុះជួបជាមួយកម្មករ កម្មការិនីនៅតាមរោងចក្រដើម្បីចង់ដឹងពីសុខទុក្ខ ក្រោយ​ការ​បោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ ការគូសបញ្ជាក់របស់សម្ដេចតេ​ជោ​នាយករដ្ឋមន្រ្ដីបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ​ជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនដើរនៅក្នុងពេល​ឃោសនា​បោះឆ្នោត តែក្រោយបោះឆ្នោតសម្តេចនៅតែអាចបន្តជួបជាមួយនឹងកម្មករ កម្មការិនី ហើយ​នេះ​ មិនមែនជាយុទ្ធនាការឃោសនារកសំឡេងឆ្នោតទេ តែគឺជាការចង់ដឹងអំពីស្ថាន​ភាពសុខ​ទុក្ខរបស់កម្មករ កម្មការិនីរបស់យើងទាំងអស់ ។ ​សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំចង់ដឹង​សុខទុក្ខ​របស់កម្មករកម្មការិនី ខ្ញុំពិតជាមានការរីករាយនៅពេលដែលខ្ញុំបាន​ទៅកាន់កន្លែង​មួយ និងពីកន្លែងមួយទៅកន្លែងមួយ ហើយបានឃើញវឌ្ឍនភាពនៃការរីកចម្រើនកាន់តែ​ប្រសើរ​ឡើង។ ខ្ញុំសូមប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា បើយើងជ្រុលតែធ្វើហើយត្រូវបន្តជួបទៀត យើងមានពេល ហើយបើតាមខ្ញុំគិតគូររបស់ខ្ញុំ យើងផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែ​ពេលបោះឆ្នោតហើយយើងចាប់ផ្តើមវិញ»។

សម្តេចតេជោបានមានប្រសាសន៍ថា បើនៅបន្តជួបកម្មករ​នៅតាមរោងចក្រ​ពេលយុទ្ធ​នា​​ការ​បោះឆ្នោតនោះ នឹងមានការផាកពិន័យជាមិនខាន ព្រោះខុសច្បាប់ ដែលមិនអនុញ្ញាត​ឱ្យនោះ​ទេ។ សម្ដេចតេជោបន្ដថា ពេលចុះជួបនោះយើងក៏មានការផ្តល់ជាប្រាក់ដល់កម្មករ​តិច​តូច និង​កម្ម​ការិនី ដែលមានផ្ទៃពោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ ​«បើ​សិន​ចុះតាមរោងចក្រនៅក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្តល់លុយកាក់ដល់អ្នក​មាន​ផ្ទៃពោះ ឬមានម្ហូបអាហារ និងអ្វីទៀតនោះ គេផាក និងប្តឹងយើង។ អីចឹងយើងត្រូវគោរព​តាមច្បាប់បោះឆ្នោត»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការជួបជាមួយកម្មករ កម្មការិនីបន្ដទៀត នឹងធ្វើក្រោយការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧​ហើយប្រកាសរាជរដ្ឋាភិបាលថ្មីរួច ដោយអាចជួបកម្មករ កម្មការិនីពី៥ ទៅ១០ កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា៖ «យើងអាចទៅជួប៥ ទៅ១០កន្លែងទៀត ក្រោយ​បោះ​ឆ្នោត ខ្ញុំអាចទៅបាន ព្រោះមិនមានបញ្ហា គ្រាន់តែយើងមិនធ្វើនៅក្នុងអំឡុងយុទ្ធនាការ​បោះ​​ឆ្នោត ប៉ុន្តែក្រោយបោះឆ្នោតគ្មានតម្រូវការណាស្វែងរកសំឡេងឆ្នោតនោះទេ»។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការជួបកម្មករនេះ​ដើម្បីចង់ដឹងពីស្ថានភាពរបស់កម្មករ កម្មការិនី ដែលពួកគេជួបការលំបាក និងងាយស្រួលរក​ដំណោះ​ស្រាយ។ សម្តេចតេជោបានអះអាងថា ការជួបកម្មករ កម្មការិនីកន្លងមក​ត្រូវបានជួយ​ដោះស្រាយបញ្ហាដែលរកម្មករ កម្មការិនីលើកឡើងដូចកន្លែងហូបអាហារ កន្លែងបំបៅដោះ​កូន និងបរិស្ថានក្នុងរោងចក្រជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.