តាមរយៈជំនួយដល់អង្គការសន្សំម្លប់ព្រៃ គម្រោង USAID ព្រៃឡង់បៃតង កំពុងគាំទ្រគម្រោងសាកល្បង សម្រាប់កសិករស្រូវត្រយងនៅខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង ទៅលើការប្រើបច្ចេកទេសបំបែកដី ជីកំប៉ុស និង ដំណាំគម្របដី។ សមាជិកស្រូវត្រយងចំនួន ៦នាក់ ត្រូវបានជ្រើសរើស ដើម្បីអនុវត្តវិធីសាស្រ្តថ្មីនេះ ដែល ៥នាក់នៅខេត្តព្រះវិហារ និង ១នាក់នៅខេត្តស្ទឹងត្រែង។

មន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា លទ្ធផលនៃគម្រោងសាកល្បងនេះប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ ដោយសារភាពខុសគ្នានៃលក្ខខណ្ឌដី និងការអនុវត្តបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបវាលស្រែ ដែលមិនបានអនុវត្តបច្ចេកទេសនិងវាលស្រែ ដែលបានអនុវត្តបច្ចេកទេសនេះ ទីតាំងដែលបានធ្វើឱ្យទិន្នផលស្រូវ កើនឡើងយ៉ាងហោចណាស់៥៨ភាគរយ ។ ដីស្រែធម្មតាផ្តល់ទិន្នផលជាមធ្យម ១ ៤៥៤គីឡូក្រាម ក្នុងមួយហិកតា ចំណែកដីស្រែសាកល្បងទទួលផលជាមធ្យម ២ ២៩៩គីឡូក្រាមក្នុងមួយហិកតា ។

កសិករស្រូវ ត្រយង អនុវត្តការមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត, ជីគីមី, មិនបរបាញ់, និងមិនកាប់បំផ្លាញព្រៃឈើ។ ជាថ្នូរនឹងការអនុវត្តតាមគោលការណ៍ទាំងនេះ ពួកគេទទួលបានតម្លៃស្រូវរបស់ពួកគេ ៧០ភាគរយ លើតម្លៃទីផ្សារ ហើយពួកគេទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីកែលម្អផលិតកម្មស្រូវ និងអនុវត្តកសិកម្ម ដែលធន់នឹងអាកាសធាតុ ។ ការប្រើបច្ចេកទេស, ជីកំប៉ុស, ដំណាំគម្រប, និងការបំបែកដី, គុណភាពដីនឹងមានការកើនឡើងក្នុងរយៈពេលវែង ដោយសារតែអាសូត និងសមាសធាតុសរីរាង្គផ្សេងទៀត ត្រូវបានជ្រាបចូលទៅក្នុងដី។

ប្រភពដដែលបញ្ជាក់ទៀតថា ការកែលម្អគុណភាពដី នាំឱ្យទិន្នផលមានការកើនឡើង ទិន្នផលកើនឡើង លើកទឹកចិត្តកសិករឱ្យចូលរួមកម្មវិធីស្រូវត្រយង។ នៅពេលដែលមានការកើនឡើងនៃចំនួនសមាជិកសហគមន៍ ដែលជាកសិករស្រូវត្រយង ដែលចូលរួមដល់ការអភិរក្សសត្វព្រៃ ការសិក្សាបង្ហាញថា សត្វព្រៃជិតផុតពូជ និង ជម្រករបស់ពួកវា ត្រូវបានការពារប្រសើរជាងមុន ហើយជីវភាពសហគមន៍ក៏ប្រសើរឡើង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.