នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងការដោះមីន និងការកសាងឡើងវិញ។ លោក គីស៊ីដា បាននិយាយថា «ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយចំនួន ៧,៦ប៊ីលានដុល្លារអាម៉េរិកដល់អ៊ុយក្រែន និងបណ្តាប្រទេសជិតខាងរួចហើយ។

លើសពីនេះទៀត ប្រទេសជប៉ុនផ្តល់ជំនួយគ្រប់ជ្រុងជ្រោយលើវិស័យផ្សេងៗ រួមទាំងការផ្តល់ឧបករណ៍សម្រាប់ការពារជាតិផងដែរ ដោយយើងនឹងប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសជប៉ុនក្នុងវិស័យនានា ដូចជាការបោសសម្អាតមីន ការដកយកកំទេចកំទីចេញ ការស្ដារឡើងវិញនូវជំនួយជីវិត ដែលរួមមានទាំងក្នុងវិស័យថាមពល និងកសិកម្ម»។

លោក គីស៊ីដា បាននិយាយបន្ថែមថា រដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន បានបង្កើតក្រុមប្រឹក្សាមួយសម្រាប់ការរៀបចំការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែន។

កាល​ពី​ខែ​កុម្ភៈ ប្រទេសជប៉ុន​បាន​ផ្តល់​ជំនួយដល់​អ៊ុយក្រែន ដែល​រួម​មាន​អាវ​ក្រោះ​ការពារ​គ្រាប់​កាំភ្លើង មួក​សុវត្ថិភាព និង​រថយន្ត​ដឹក​ទំនិញ។ លើសពីនេះទៀត ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែនដែលរងរបួសនឹងត្រូវបានព្យាបាលនៅប្រទេសជប៉ុន ដោយមានចំនួនពីរនាក់ហើយដែលបានចាប់ផ្តើមព្យាបាលកាលពីក្នុងខែមិថុនា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.