តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ប្រភេទសត្វព្រៃជាច្រើនប្រភេទ ត្រូវបានថត និងតក់ត្រាដែលខ្លះជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ រូបភាពទាំង ៤សន្លឹកនេះ រួមមានសត្វជ្រូកព្រៃ, ស្វាត្រូស, កាំប្រម៉ា, និថសត្វក្តាន់ញ៉ែង។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារនិងអភរិក្សធនធានធម្មជាតិ មានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពខ្ពស់ សត្វព្រៃដែលមានតួនាទីដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី ត្រូវបានវាយតម្លៃថា ក៏មានភាពល្អប្រសើរឡើង បើទោះបីជាកត្តាគំរាមកំហែងខ្លះ នៅតែកើតមានចំពោះពួកគេ ដោយសារដាក់អន្ទាក់ និងការបរបាញ់សត្វ។ យោងតាមការសិក្សា នៅតាមតំបន់ការពារធម្មជាតិនានា ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើង ជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ។

ចំណែកប្រភេទសត្វក្រចកជើងចំពាម ភាគច្រើន ដូចជា សត្វឈ្លូស, ប្រើស, ក្តាន់, ទន្សោង, ខ្ទីង, កែះ ជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។ សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ។

ក្រសួងបរិស្ថានកំពុងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីដាក់ចុះនូវវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ ទៅលើធនធានធម្មជាតិ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសការងារ និងមុខរបរជូនសហគមន៍ និងការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ នៃអន្ទាក់និងកាំភ្លើងកែច្នៃ ទៅលើជីវិតសត្វ ជីវៈចម្រុះផ្សេងៗទៀត។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សសត្វព្រៃកម្ពុជា ឱ្យនៅគង់វង្សដោយមិនបរបាញ់ មិនដាក់អន្ទាក់ និងមិនបរិភោគសាច់សត្វព្រៃ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.