ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ទីប្រឹក្សាសន្តិសុខជាតិ លោក ចូ តេយ៉ុង (Cho Tae-yong) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ សម្រាប់ចូលរួមកិច្ចពិភាក្សាត្រីភាគីជាមួយសមភាគីសហរដ្ឋអាមេរិក និងជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា លោក ចូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូនៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ូលលីវែន (Jake Sullivan) និងអគ្គលេខាធិការដ្ឋានសន្តិសុខជាតិរបស់ប្រទេសជប៉ុន លោក តាកេអូ អាគីបា (Takeo Akiba) សម្រាប់ «កិច្ចពិភាក្សាស៊ីជម្រៅ» ស្តីពីបញ្ហាកូរ៉េខាងជើង បញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ និងផ្លូវឆ្ពោះទៅមុខសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី។

ការិយាល័យនោះបាននិយាយថា លោក ចូ ក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយលោក ស៊ូលលីវែន និងលោក អាគីបា ផងដែរដើម្បីពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក៕

​ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.