សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីការបោះឆ្នោត គឺដើម្បីរឹតបន្តឹងជាមួយនឹងសកម្ម​ភាព​បំផ្លាញ សិទ្ធិរបស់ប្រជាពលរដ្ឋ និងពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ ហើយដែលកន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រតិកម្ម​ទៅលើ​យុទ្ធ​នាការ ដែលថា «ខ្ញុំមិនទៅបោះឆ្នោត ដោយសារគ្មានឈ្មោះគណបក្សដែលខ្ញុំ​ពេញចិត្ត»។

​ក្នុងឱកាសអញ្ជើញចូលរួមសម្រាប់ថ្ងៃទីពីរនៃការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជិត​២​ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវពង្រាងដែលត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅ​ចំណុច​អ្នកដែលមានសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោត ដែលក្នុងនោះបានចែងថា បាន​អនុវត្តន៍នូវសិទ្ធិបោះឆ្នោត ដោយ​​បានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល​ចំនួន​ពីរ​ដង លើកចុងក្រោយជាប់គ្នា ដោយរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកលែងតែករណី​ដែលមិន​អាចអនុវត្តន៍នូវសិទ្ធិបោះឆ្នោត ដោយមានមូលហេតុ​សម​ស្រប។ សម្ដេចតេជោបាន​បង្ហាញ​ជា​បណ្ដោះអាសន្ន នូវពង្រាងច្បាប់ជាការផាក​ពិន័យ​ផងដែរ ចំពោះមាត្រាទី១៤២ថ្មី ដែល​បានចែងថា ត្រូវផាកជាប្រាក់ពិន័យចំនួន ៥លាន​រៀល ទៅ២០លានរៀល ដោយគណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិត​ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះ​ជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញោះញុងប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំង​មិនឱ្យចុះឈ្មោះប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅ​បញ្ជី​បោះឆ្នោត។ ទន្ទឹមនេះ បង្កការ​អុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែង​សម្រាប់​ការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការជម្រះ​បញ្ជី និងចុះឈ្មោះបោះឆ្នោត។

ការផ្ដល់ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពានអំពើគំរាមកំហែង អំពើ​ហិង្សា​ទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។ រារាំង ឬញោះញុងប្រជាពល​រដ្ឋ​​ដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្ស​នយោបាយ មិនឱ្យឃោសនាបោះឆ្នោត តាមការកំណត់ ធ្វើឱ្យបាត់ទំនុកចិត្តលើការ​សម្រច​នៃការបោះឆ្នោត ធ្វើឱ្យមានការភ័ន្តច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការ​រំខាន​កុំឱ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូច​របៀបរៀបរយក្នុងការបោះឆ្នោត ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។ ត្រូវ​លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យ​គេបោះ​ឆ្នោតរបស់សាម៉ីខ្លួន សម្រាប់​រយៈពេល៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត។ បន្ថែម​លើកឋាខ័ណ្ឌដែលបានចែក្នុងកឋាខ័ណ្ឌ ១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តិបទ​ល្មើស​ណាមួយដូចមានចែងក្នុងកឋាខ័ណ្ឌទី១ខាងលើ។

សម្ដេចតេជោក៏ថ្លែងឱ្យដឹងទៀតថា ចំពោះ​​មាត្រា១៤៣ថ្មី ត្រូវលុបបេក្ខភាពឈរ​ឈ្មោះ​បោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវ​ផាក​ពីន័យជាប្រាក់ពី១០លានរៀល ទៅ​៣០លានរៀល ដោយគណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត ដោយពុំទាន់គិតពីទោស​ព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សន​យោ​បាយ​ដែលបានប្រព្រឹត្តិល្មើស ដូចមានចែង​ក្នុងមាត្រា ១៤២ថ្មីខាងលើ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.