សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ពីភាក្សាគ្នា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាបន្ទាន់ ទៅលើអ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឱ្យបានមុនពេលយុទ្ធនាការបោះឆ្នោត នឹងត្រូវចាប់ផ្ដើមនាពេលខាងមុខនោះ។

ក្នុងសារជាសំឡេងតាមតេឡេក្រាម យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ ការជជែកវែកញែកអំពីសេរីភាព ទាក់ទិនទៅនឹងការបោះឆ្នោតត្រូវបានលើកឡើងជាបន្តបន្ទាប់។ សម្ដេចតេជោថ្លែងថា រាជរដ្ឋាភិបាលនូវតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋទាក់ទងទៅនឹងការចូលរួម ឬមិនចូលរួមសម្រាប់ការបោះឆ្នោត ប្រជាជនអាចទៅធ្វើការបោះឆ្នោត ឬមិនអាចទៅធ្វើការបោះឆ្នោត នោះគឺជាសិទ្ធិជ្រើសរើសរបស់ប្រជាជន។ សម្ដេចតេជោបន្តថា ប៉ុន្តែនៅទីនេះ រាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីពង្រឹងនិងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ បន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យើងចាំបាច់ត្រូវធ្វើការកែទម្រង់ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្ដើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែអ្នកទាំងនោះ នៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។ សម្ដេចតេជោលើកឡើងថា ចំណុចនេះ បើយើងពិនិត្យមើលស្ថានភាពនៅក្នុងព្រះរាជាណាចក្រថៃ ឥឡូវនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើយើងបានដឹង គឺគណបក្សមួយចំនួនត្រូវបាត់បង់សមាជិកសភាមួយចំនួន ពីការជាប់ឆ្នោត ទៅជាបាត់បង់នូវសិទ្ធិជាប់ឆ្នោតទៅវិញ ដោយសារតែពួកគេទាំងនោះមិនបានបំពេញកាតព្វកិច្ច ក្នុងការទៅបោះឆ្នោតលើកទីមួយ។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះនៅកម្ពុជា ក៏អាចធ្វើបែបនេះទៅបាន យើងត្រូវធ្វើការកែទម្រង់ឱ្យមានការទទួលខុសត្រូវ ចំពោះអ្នកដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត។ ប្រសិនបើមិនបានបោះឆ្នោតលើកទីមួយទេ គេក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យបានដែរ ទាំងក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំងសមាជិករដ្ឋសភា។ ដូច្នេះនេះជាការទទួលខុសត្រូវ ដែលយើងក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងក៏មិនបានអនុវត្តន៍នូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះ។ ប្រទេសប្រជាធិបតេយ្យខ្លះ អ្នកមិនបានទៅបោះឆ្នោតដោយគ្មានមូលហេតុ គឺត្រូវទទួលទណ្ឌកម្ម ។ ប៉ុន្តែសម្រាប់យើង ប្រជាពលរដ្ឋទៅបោះឆ្នោតក៏បាន មិនទៅបោះឆ្នោតក៏បាន គឺជាសិទ្ធិ ក៏ប៉ុន្តែសម្រាប់អ្នកដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត គឺចាំបាច់ត្រូវតែមានការបោះឆ្នោតលើកទីមួយ មុនពេលដែលខ្លួនឈរឈ្មោះ។ ដូច្នេះចំណុចនេះ សម្ដេចតេជោបានប្រគល់ភារកិច្ច ជូនសម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដម កើត រិទ្ធ ពិភាក្សាគ្នាជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវអនុម័តក្នុងពេលខាងមុខនេះ។ ព្រោះនេះជាការចាំបាច់ដើម្បីចៀសវាង នូវការនិយាយចុះនិយាយឡើង ប៉ុន្តែយើងត្រូវនិយាយអំពីបញ្ហាផ្លូវច្បាប់ អ្នកណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ប្រសិនបើមិនអាចទៅបោះឆ្នោត ឧទាហរណ៍ ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ អ្នកណាក៏ដោយប្រសិនបើមិនបានទៅបោះឆ្នោតពេលនោះទេ អ្នកនោះគឺមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនៅពេលខាងមុខ ដែលជាការបោះឆ្នោតអសកលក្ដី ជាសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ត ជាការបោះឆ្នោតសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ និងជាការបោះឆ្នោតសមាជិកសភា នៅឆ្នាំ២០២៨។សម្ដេចតេជោគូសបញ្ជាក់ទៀតថា ធ្វើយ៉ាងនេះគឺដើម្បីពង្រឹងការទទួលខុសត្រូវ របស់មេដឹកនាំនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើខ្លួនមិនអាចបំពេញកាតព្វកិច្ច ក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោត តើមានហេតុផលអ្វីដែលត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ហើយក្នុងបញ្ហានេះ ជាបញ្ហាដែលយើងត្រូវធ្វើឱ្យខាងតែបាន សម្រាប់មុនពេលយុទ្ធនាការបោះឆ្នោត នឹងត្រូវចាប់ផ្ដើម។

សម្ដេចតេជោបញ្ជាក់ អំពីភាពចាំបាច់ នៃកំណែទម្រង់សម្រាប់អ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត តែវាមិនប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ដែលចង់ទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។ សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា «យើងនឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយការធ្វើវិសោធនកម្មនេះ គឺស្របតាមកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសមាត្រាទី៣៤ថ្មី នៅកឋាខ័ណ្ឌចុងក្រោយដែលចែងថា បទបញ្ញាត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់»។ ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ យើងគ្រាន់តែដកសិទ្ធិសម្រាប់អ្នណា ដែលមិនព្រមទៅបោះឆ្នោត មុនពេលដែលខ្លួនទៅឈរឈ្មោះនោះតែប៉ុណ្ណោះ។ សម្ដេចតេជោលើកឡើងបន្ថែមថា វាមិនមែនជារឿងចម្លែកទេ មានប្រទេសជិតខាងរបស់យើង គឺព្រះរាជាណាចក្រថៃ បាននិងកំពុងធ្វើ ដែលធ្វើឱ្យគណបក្សនយោបាយមួយនោះ ត្រូវបាត់បង់អាសនៈយ៉ាងច្រើន ដោយសារតែគេមិនបានបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតកាលពីលើកមុន។ យើងក៏ធ្វើដូចគ្នានេះដែរ ប៉ុន្តែយើងមិនធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោត ដែលនេះគឺជាការពង្រឹងទៅដល់ការទទួលខុសត្រូវ សម្រាប់អ្នកគ្រប់គ្រងដឹកនាំ នៅគ្រប់ថ្នាក់ទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដូច្នេះ ចាប់ពីថ្នាក់ ឃុំ សង្កាត់ បើចង់ទៅឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ត្រូវតែបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង ខេត្ត រាធានី ឬសមាជិកព្រឹទ្ធសភានៅឆ្នាំ២០២៤ ឬបន្តបន្ទាប់ ត្រូវតែទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកសភា នៅឆ្នាំ២០២៨ ត្រូវតែទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចៀសមិនបាន។ បើមិនដូច្នោះ គេនឹងបាត់បង់សិទ្ធិ ហើយសិទ្ធិនេះត្រូវស្របទៅតាមបទប្បញ្ញាត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលមានកំណត់នៅក្នុងមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ។ យើងនឹងធ្វើវិសោធនកម្មជាបន្ទាន់លើបញ្ហានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.