នេះជាដំណឹងរីករាយមួយ ដែលក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna និង Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំ មួយសម្បុកធំមួយកន្លែងក្នុង ជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។

ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា សម្បុកនោះមានពងចំនួន ២១ គ្រាប់ ដែល ១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និង កំពុងត្រូវបានភ្ញាស់នៅក្នុងសម្បុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤ គ្រាប់ ត្រូវបានទុកនៅក្នុងសម្បុកដើម។ សម្បុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងការពារដោយសហគមន៍អភិរក្សក្រពើពីគ្រោះថ្នាក់ផ្សេងៗ ។ យើងរំពឹងថា ពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។

ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ ។ ក្រពើភ្នំត្រូវបានរកឃើញមានវត្តមាននៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna និង Flora និង រដ្ឋបាលព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ក្បាល ក្នុងនោះប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសម្បុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.